ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងមានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃប្រទេសជប៉ុន ពិសេសខេត្តអិហិមិ បន្តជំរុញក្នុងការផ្សព្វផ្សាយដល់អ្នកវិនិយោគិននៅក្នុងប្រទេសជប៉ុន ក៏ដូចជាភ្ញៀវទេសចរក្នុងប្រទេសជប៉ុន និងខេត្តអិហិមិ អញ្ជើញមកទស្សនាខេត្តបាត់ដំបង និងធ្វើការបណ្ដាក់ទុននៅក្នុងទឹកដីកសិកម្មនេះឲ្យកាន់តែច្រើនឡើងៗ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកវិនិយោគិន និងភ្ញៀវទេសចរមកខេត្តបាត់ដំបងផងដែរ។
លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្រ្គោះ រថយន្តពន្លន់អគ្គិភ័យ និងត្រាក់ទ័រ ដែលជាអំណោយ របស់របស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ដោយបានប្រគល់ជូននូវត្រាក់ទ័រ ១គ្រឿង រថយន្តគិលានសង្រ្គោះចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ។
ពិធីនេះធ្វើឡើងតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងក្នុងនាមជារដ្ឋបាលខេត្តបាត់ដំបង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក តូគីហីរ៉ូ ណាកាម៉ូរ៉ា អភិបាលខេត្តអិហិមិ លោក តូមីយ៉ាសុ ប្រធានក្រុមហ៊ុន ISEKI Co.,Ltd និងប្រជាជននៃប្រទេសជប៉ុន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានយកចិត្តទុកដាក់ ក្នុងការផ្ដល់ជាជំនួយផ្សេងៗ ជាពិសេសរថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ។ ដោយនេះគឺជាការចូលរួមចំណែកក្នុងវិស័យសុខាភិបាល វិស័យកសិកម្មជាដើម និងដើម្បីរឹតចំណងមិត្តភាពជាបងប្អូនដ៏ល្អ យ៉ាងជិតស្និត ដើម្បីអភិវឌ្ឍន៍ខេត្តទាំងពីរឲ្យកាន់តែរីកចម្រើនទៅមុខ។
សូមរំលឹកថាកន្លងមករដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអិហិមិ នៃប្រទេសជប៉ុន ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃភាគីទាំងពីរនេះដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេស ក្នុងនោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ៕SRP

