ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន០៦ ដែលជំរុញឲ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងនោះរួមមាន: ទី១)កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើអោយប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។ ទី២)គឺការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដែលធ្វើឲ្យប្រជាពលរដ្ឋយើងងាយស្រួលក្នុងការធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវ និងស្ពានទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់។ ហើយនៅថ្ងៃនេះ សម្តេចតេជោក៏បានប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយស្ពានបេតុងនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់ផងដែរ។
ទី៣)គឺកត្តាមធ្យោបាយធ្វើដំណើរ គឺបងប្អូនប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទាំងរថយន្ត ទាំងម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត។ ទី៤) គឺកត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពីព្រោះបើប្រជាពលរដ្ឋមិនមានប្រាក់ចំណូលនោះទេ គឺពួកគាត់មិនមានលទ្ធភាពក្នុងការចាយវាយ និងចំណាយផ្សេងៗអំឡុងពេលដើរកម្សាន្តនោះទេ។ ទី៥)គឺកត្តានៃការកើនឡើងនៃតំបន់ទេសចរណ៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាយើង។បច្ចុប្បន្ននេះ កម្ពុជាយើងមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃជាច្រើន ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។ និងទី៦) គឺកត្តាភាពស៊ាំក្នុងសហគមន៍នៃការទទួលបានវ៉ាក់សាំងប្រឆាំងប្រឆាំងកូវីដ-១៩ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងទី៣ ឬដូសជំរុញជាបន្តទៀត ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ឲ្យកាន់តែខ្លាំងក្លាទៀត។
សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤
នៅថ្ងៃពុធ នេះ៕SRP

