ខេត្តកំពង់ចាម៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរ បានមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបជាង៥០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥១៣.៩៤៣នាក់ និងភ្ញៀវបរទេស មានចំនួន ៥០៤នាក់។ នេះបើតាម ការបញ្ជាក់ របស់ លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នេះ។
លោកប្រធានមន្ទីរទេសចរខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា ភ្ញៀវចូលរួមកំសាន្តសប្បាយក្នុងរយៈពេល ៣ថ្ងៃ មានចំនួន ប្រមាណ ៥១៤.៤៤៧នាក់ ក្នុងនោះ ៖ ថ្ងៃទី០១ នៃការប្រារព្ធពិធីសង្ក្រាន្ត មានចំនួន ៥៧.៤៣០នាក់ ។ ថ្ងៃទី២ នៃការប្រារព្ធពិធីសង្ក្រាន្ត មានចំនួន ១២៣.៨១៥នាក់ និងថ្ងៃទី៣ នៃការប្រារព្ធពិធីសង្ក្រាន្ត មាន ចំនួន ៣៣៣.២០២នាក់។
លោក ស៊ាន សុគុណ បានបញ្ជាក់ដែរថា នាឆ្នាំនេះ ដោយបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបើកឲ្យដំណើរការ នៃការប្រារព្ធពិធីបុណ្យឆ្នាំប្រពៃណីជាតិខ្មែរ បន្ទាប់ពីបានអាក់ខាន រយៈពេល ២ឆ្នាំ កន្លងទៅ ដោយសារការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩នោះ អាជ្ញាធរ និងស្ថាប័នជំនាញ ក្នុងខេត្តកំពង់ចាម បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការចូលរួមជាមួយប្រជាពលរដ្ឋ ដើម្បី ទទួលអំណរសាទរទេវតាឆ្នាំថ្មី។ យ៉ាងណាមិញ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ខេត្តកំពង់ចាម សហការជាមួយ អាជ្ញាធរមូលដ្ឋាន ក្រោមការចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរៀបចំសង្ក្រាន្ត នៅទីលានវាលស្មៅ ខាងមុខសាលាខេត្ត ដោយមានរៀបចំកម្មវិធីប្រគំតន្ត្រី និងកម្មវិធីល្បែងប្រជាប្រិយ ដើម្បី ភ្ញៀវបានលេង និងទស្សនាកំសាន្តសប្បាយ ផងដែរ។ ក្រៅពីនោះ មន្ទីរក៏បានបំផុស ឲ្យម្ចាស់គោលដៅរមណីដ្ឋានទេសចរណ៍ទាំងវិស័យរដ្ឋ និងវិស័យឯកជន ក៏ដូចជា នៅតាមទីវត្តអារាមនានា នៅទូទាំងខេត្ត ឲ្យមានការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយ បំរើឲ្យការសប្បាយភាព ទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ កំសាន្ដសប្បាយ ផងដែរ ។
សូមរំលឹកដែរថា នាបច្ចុប្បន្ននេះ នៅក្នុងទូទាំងខេត្តកំពង់ចាម មានកន្លែងកម្សាន្ត និងរមណីយដ្ឋាន ធម្មជាតិប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃ ចំនួន ១១កន្លែង ក្នុងនោះមាន ៖ ១.រមណីយដ្ឋានទឹកឆា។ ២.រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា។ ៣.រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ។ ៤.រមណីយដ្ឋានបែមប៊ូរីសត។ ៥.រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី។ ៦.រមណីយដ្ឋាននគរបាជ័យ។ ៧.រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ។ ៨.រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។ ៩.អាហារដ្ឋានស្មៅទន្លេ។ ១០.អាហារដ្ឋានសួនស្នេហ៍សុភមង្គល។ និង១១.ក្នុងក្រុងកំពង់ចាម ផងដែរ៕SRP

