ខេត្តព្រះសីហនុ៖សម្តេចហ៊ុន សែន បានថ្លែងអំពាវនាវឱ្យពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ-១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់រាល់ថ្ងៃ។
នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ និងបង្កើនការការពារប្រជាពលរដ្ឋ ដែលដើរកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្តេចក៏បានកោតសរសើរផងដែរ ចំពោះអាជ្ញាធរក្នុងការចូលរួមអនុវត្តវិធានការការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ ថ្ងៃកន្លងមកនេះ។
សម្តេចហ៊ុន សែន ននាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសសម្ដេច
និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុនៅ ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សូមជម្រាបថារយ:ពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស២៧នាក់ និងរបួស៨០នាក់។ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសធ្ងន់ស្រាល៣៤នាក់។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន១៤លើក ក្នុងនោះស្លាប់ចំនួន ០៨នាក់ របួសធ្ងន់ស្រាល៣១នាក់៕SRP

