ខេត្តសៀមរាប៖ជំនួញឈើរបស់មេឈ្មួញឈ្មោះលីម ដែលរកស៊ីដឹកជញ្ជូនឈើ តាមរយៈរថយន្តបែនហើយបង្កក់ថ្ម ត្រូវបានអស់លក្ខណ៍ដោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដែលបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាប បានប្រាប់សៀមរាបប៉ុស្ដិ៍ថា ករណីបង្ក្រាបរថយន្តបែនដឹកថ្មលួចបង្កប់ឈើ គឺរថយន្តដឹកថ្ម៤ភៅម៉ាកពណ៌ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ3E ៩៣៩៥បានដឹកឈើអារប្រភេទ លេខ២ (ឈើទាល)ចំនួន១០៩ដុំស្មើនិង =៥,៩៩៦m3។ លោកថា ក្រុមការងារបានដឹកនាំយកមករក្សាទុកនិងធ្វើការវាស់វែងនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាបចាត់ការតាមផ្លូវច្បាប់ស្តីពីព្រៃឈើ។
បើតាមលោកម៉ុង ប៊ុនលីម បញ្ជាក់ថានៅមានរថយន្តប្រភេទបែនចំនួន ៣ គ្រឿងទៀតដែលលួចដឹកឈើបង្កប់និងថ្ម ដោយលោកកំពុងដាក់កម្លាំងតាមដានដើម្បីបង្ក្រាប។
សូមបញ្ជាក់ថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប នៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។
បើតាមប្រភពបានដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាម្ចាស់ដេប៉ូឈើមួយ កន្លែងហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ។
ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តសៀមរាប លោកចាន់ ណា បានធ្វើការបដិសេធ ថាមិនពាក់ព័ន្ធ ជាមួយរថយន្តបែនដឹកថ្មបង្កប់ឈើ ដែលរដ្ឋបាលព្រៃឈើសៀមរាបបង្រ្កាបនោះទេ។
លោកចាន់ ណា បានបដិសេធនេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួន បានចុះផ្សាយថាករណីរដ្ឋបាលព្រៃឈើសៀមរាប បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង កាលពីម្សិលមិញនោះ ជារបស់លោកហើយយករូបថតលោកទៅជាប់នឹងរថយន្តដឹកឈើទៀតផង។
លោកចាន់ ណា បានបញ្ជាក់ថា អ្នកសារព័ត៌មាន មួយចំនួនមុនធ្វើការចុះផ្សាយអំពីរូបលោកហើយយករូបថតលោកទៅចុះផ្សាយត្រូវស្រាវជ្រាវ អោយបានច្បាស់លាស់ចៀសវាងប៉ះពាល់កិត្តិយសរបស់លោក។ ជាមួយនេះដែរលោកចាន់ ណា ក៏បានបញ្ជាក់ថា លោកអាចនឹងប្ដឹងអ្នកមួយចំនួនដែលយករូបថតលោកទៅចុះផ្សាយដោយមិនមានការពិត៕SRP

