ខេត្តសៀមរាប៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃអាទិត្យ នេះ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការ សាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ឱកាសពិនិត្យ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកដល់ពេលនេះ ដល់ពេលដែលកម្ពុជាប្រកាសពីតារារះនាទិសឧត្តរហើយ ពីព្រោះបច្ចុប្បន្នយើងមានតារារះនាទិសនិរតីរួចហើយ ដូច្នេះនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា តំបន់ភូមិភាគនេះជាតារារះនាទិសឧត្តរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថ្លែនូវការកោតសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង។
សម្តេចតេជោនាយករដ្ឋបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។ សម្តេចតេជោបានមានប្រសន៍ថា ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន នៅទីនេះ ហើយ៥០ឆ្នាំក្រោយ នឹងប្រគល់មកអោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា សូមកុំអោយមានការភ័ន្តច្រឡំថា ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមតែជនជាតិចិន ព្រោះនៅពេលខាងមុខកម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។ ម្យ៉ាងវិញតាមដើមរយៈគម្រោងការសាងសង់អាកាសយានដ្ឋាននេះក៏បានផ្ដល់ការងារធ្វើដល់កូនខ្មែរជាច្រើននាក់ អាចទទួលបាននូវប្រាក់ខែសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេទៀតផង។
សម្តេចតេជោបានមានប្រសាសន៍រំលឹកថា កាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែដោយសារតែព្រលានយន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូអាចចុះចតបាន។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជុំវិញនេះ ជាពិសេសនឹងបង្កើតជាកូនទីក្រុងនៅទីនេះទៀតផងនាពេលខាងមុខ៕SRP

