មិនដឹងប៉ុន្មានជើងហើយ រថយន្តបែនដឹកថ្មបង្កប់ឈើត្រូវបានបង្ក្រាបនៅសៀមរាប

0

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប។

ការបង្ក្រាបធ្វើឡើងនៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។

រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ ៣E៩៣៩៥ ពណ៌សលាយខ្មៅ ប្រភេទកង់ ១០។ ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើ ខាងលើ សៀមរាបប៉ុស្ដិ៍នៅពុំទាន់ទទួលបានការលម្អិតពីរដ្ឋបាលព្រៃឈើសៀមរាបនៅឡើយទេ។ ទោះជាយ៉ាងណាវត្ថុតាងត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
បើតាមប្រភពបានដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ ត្រូវបានប្រភពអះអាងថា បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ៕SRP