ចាប់ខ្លួនមនុស្ស៣នាក់ ដកហូតគ្រឿងញៀននិងអាវុធគ្រាប់មួយចំនួន

0

ខេត្តព្រះវិហារ៖មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជាំក្សាន្តចាប់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងផ្តល់ទីតាំងជួញដូរ ប្រើប្រាស់ចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់ និងលួចលាក់រក្សាទុកនូវអាវុធគ្មានច្បាប់ មួយកន្លែង ក្នុងភូមិសាស្ត្រ។

សមត្ថកិច្ចខេត្តព្រះវិហារបានរាយការណ៍ថាការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចំណុចUTM (493180-1568873) ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបន្តថា ឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ អាត ភារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី២ ឈ្មោះ ពេជ្រ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៣ឈ្មោះ ឈឺន គឹមឆាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសែរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ៦កញ្ចប់ (កញ្ចប់ធំចំនួន០១ និង០៥កញ្ចប់តូច) ទម្ងន់ស្មើ ២.៤៨ក្រាម, កាំភ្លើង CKCកាត់១ដើម, គ្រាប់អាកា ៤៧ ចំនួន ២១គ្រាប់, គ្រាប់វាំងឡុងចំនួន ១២គ្រាប់, គ្រាប់ M16 ចំនួន ៥គ្រាប់, ដាវចំនួន២ដើម, ទូរស័ព្ទដៃចំនួន ៤គ្រឿង, លុយខ្មែរចំនួន ៥០០០០ម៉ឺនរៀល, កាណុងកាំភ្លើងច្នៃចំនួន២។

ជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕SRP