ប្រសាសន៍សំខាន់ៗ សម្តេចហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥១

0

ភ្នំពេញ៖អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១នៅព្រឹកថ្ងៃសុក្រ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

ទី១ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយដែលបានមកសម្ពោធសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥នាពេលថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១ នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ គឺមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការតភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។

ទី២សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលជាតិរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិ។ សម្តេចតេជោបានបន្ថែមទៀតថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។

ទី៣សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ជំងឺកូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។

ទី៣សម្ដេចបានប្រកាសថា ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចតេជោបានបញ្ជាក់ផងដែរថា ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។ សម្ដេចតេជោសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ៕SRP