ខេត្តបាត់ដំបង៖ថ្លែងនៅរសៀលថ្ងៃពុធ ម្សិលមិញ ក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅស្រុកបាណន់ សម្ដេចស ខេង បានអំពាវនាវឱ្យរួមគ្នាថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ គ្រប់វិស័យ និងបានរម្លឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួម និងគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយផ្សារភ្ជាប់ទៅនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
សម្ដេច ស ខេង បន្តថាទន្ទឹមគ្នានេះថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ទាំង៧ចំណុចនេះ ឱ្យបានលទ្ធផលល្អដែរ ដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើតសុខដុមនីយកម្មក្នុងសង្គមផងដែរ។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានរម្លឹកអំពីស្ថានភាពស្រុកបាណន់ពីអតីតកាល ក៏មិនខុសពីបណ្ដាមូលដ្ឋានផ្សេងទៀតទូទាំងប្រទេសដែរ គឺការរស់នៅរបស់ប្រជាពលរដ្ឋ និងការបំពេញការងាររបស់មន្រ្តីរាជការ និងអាជ្ញាធរជួបការលំបាកដោយសារតែការខ្វះខាតដូចជា សាលារៀន វត្តអារាម អគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ និងស្ពានជាដើម ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងមានគាំទ្រពីសប្បុរសជន ស្រុកបាណន់ បានទទួលសមិទ្ធផលជាច្រើន និងថាសមិទ្ធផលទាំងនេះ មិនទាមទារការតបស្នងអ្វី ក្រៅតែពីស្នើសុំ ឱ្យខិតខំថែរក្សាដើម្បីបម្រើឧត្តមប្រយោជន៍ សាធារណៈនោះឡើយ។
សម្ដេច ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញសិស្សានុសិស្ស មានឱកាសបានសិក្សារៀនសូត្រតាំងពីតូចៗទៅ ពិសេសចាប់ពីថ្នាក់មត្តេយ្យ សិក្សាដែលខុស ពីសម្ដេចផ្ទាល់ទម្រាំមានឱកាសបានចូលរៀនសូត្រ សម្ដេចមានអាយុ ១១ឆ្នាំទៅហើយ។ នៅពេលមានប្រសាសន៍អំពីស្ថានភាពប្រទេសជាតិ រីកចំរើនដូចបច្ចុប្បន្ន ធៀបនឹងអតីតកាល ដែលក្រីក្រ និងមានសង្គ្រាមផងនោះ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធីថា សន្តិភាពពិតមានគុណតម្លៃណាស់ ហើយថាការបំផុសរបស់សម្ដេចតេជោ នូវពាក្យអរគុណសន្តិភាព នេះពិតជាមានអត្ថន័យជ្រាលជ្រៅ៕SRP

