ប៉ូលិសក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ក្រោយចាប់រំលោភ ក្មួយអាយុ១១ឆ្នាំ

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងរងគ្រោះថា ដោយចោទថាបានចាប់ក្មួយស្រី រំលោភ រហូតបានសម្រេច។

ការឃាត់ខ្លួនរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបរិវេណផ្ទះរបស់​ជនសង្ស័យ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្រ្តីនគរបាលបានឲ្យដឹងថា ពូសាច់ថ្លៃដែលចាប់រំលោភក្មួយស្រីនោះ ឈ្មោះ សម្បត្តិ ហៅ ចិន អាយុ ៣៦ឆ្នាំ មានទីលំនៅជាប់របងផ្ទះជនរងគ្រោះ។

ម្តាយកុមារីរងគ្រោះបានប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ ទើបលែងលះជាមួយប្តីបានប៉ុន្មានខែនេះទេ។ គាត់មានកូនទាំងអស់២នាក់ ហើយកូនស្រីច្បង អាយុ ១១ឆ្នាំ ត្រូវពូសាច់ថ្លៃចាប់រំលោភនេះឯង ពោលបានន័យថាជនសង្ស័យ ត្រូវជាប្អូនថ្លៃរបស់គាត់។

ម្តាយក្មេងស្រីរងគ្រោះបន្តថា ប្អូនថ្លៃនេះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេច។ ទើបនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ពេលគាត់មិននៅផ្ទះ ប្អូនថ្លៃមានឱកាសក៏ចាប់រំលោភបានសម្រេចតែម្តង។

ចំណែកកូនស្រីបានប្រាប់ថា ពូចិន បានចាប់រំលោភសេពសន្ថវ:បានសម្រេច ហើយជនសង្ស័យ គំរាម​មិនឱ្យ​ប្រាប់នរណាទេបើហ៊ានប្រាប់នឹងសម្លាប់ចោល។

ទោះជាយ៉ាងណា សមត្ថកិច្ចនគរបាលមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តសៀមរាបដើម្បីចាត់ការបន្ត៕SRP