អំពើពុករលួយ របស់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល ត្រូវបានលាតត្រដាង

ខេត្តកណ្ដាល៖អំពើពុករលួយ របស់លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានលាតត្រដាង ខណ:ឃាត់ឡានដឹកលើសទម្ងន់ ៦០គ្រឿង យកលុយពីម្ចាស់ឡានហើយ ប្រើល្បិចកេងប្រវ័ញ្ចយកលុយពីក្រសួងទៀត។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ។

ប្រភពបានលើកឡើងថា តាំងពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ តែនៅជារឿងក្តៅៗដដែល ដែលបុគ្គលនេះមានចេតនាទុច្ចរិត ២ចំណុច ! ទី១-អោយម្ចាស់ឡានដឹកលើសទម្ងន់ចូលបង់ពិន័យ និងប្រាក់ថ្លៃរក្សាការពាររថយន្ត។ គេបង់អោយហើយ គោះលុយគេបន្ថែម។

ទី២-ហេតុអ្វីធ្វើលិខិតស្នើសុំលុយពីក្រសួង ចំពោះការស្នើលុយ លើកហេតុផលពីការថែទាំ ឡានដឹកលើសទម្ងន់ ទាំង៦០គ្រឿង? ខណៈកាតព្វកិច្ច ចូលបង់ពិន័យជាម្ចាស់ឡាន ?

សូមរំលឹកថា៖ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រី បានចេញបញ្ជាអោយក្រសួងសាធារណការ និងដឹកជញ្ជូន អនុគ្រោះអោយម្ចាស់រថយន្តដឹកលើសទម្ងន់ ដែលជំនាញចាប់ឃាត់ទុក ចូលមកបង់ពិន័យ តាមច្បាប់ ដោយលើកទី១ អនុគ្រោះ មិនរក្សាទុក១ឆ្នាំទេ ដើម្បីទុកលទ្ធភាព អោយគាត់មានឱកាស យកឡានមកធ្វើអាជីវកម្ម ដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ មានចរន្តដំណើរសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា៖ ខាងជំនាញរបស់ក្រសួង បានធ្វើរបាយការណ៍១សួរ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល  ពីបញ្ហាពិនិត្យសំណើសុំចំណាយគឺដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងបំណុល ត្រូវសងអ្នកផ្គង់ផ្គង់។ ខាងជំនាញក្រសួងបានលើកជាសំណួរ ដោយស្នើ សុំឱ្យ លោកប្រធាន ផ្តល់មតិផ្ញើរតបនៅមុន ឬនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមការគួរ ចំពោះការស្នើសុំថវិកាដើម្បីរក្សារថយន្ត ដែលបានឃាត់ទុកមិនសមស្រប តាមលិខិតលេខ១០០២ សក.ភណ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។

ចុងក្រោយលទ្ធផល ខាងជំនាញខាងក្រសួងបានសង្កេតឃើញថា មន្ទីរសាធារណការ និងដឹកជញ្ជូនរខត្តកណ្តាល បានឃាត់ទុករថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៦០គ្រឿង រយៈពេល១ឆ្នាំ ហើយដើម្បីរក្សាទុក រថយន្តដែលបានឃាត់ទុកនេះ មន្ទីរបានស្នើសុំថវិកាចំនួន ៣៨៩ ៧០០ ០០០រៀល មកក្រសួង ក្នុងនោះសម្រាប់ចំណាយលើថ្លៃឈ្នួលកន្លែងរក្សាទុករថយន្តចំនួន ១១០ ៧០០ ០០០រៀល កម្លាំង យាមរថយន្តចំនួន ២៧០ ០០០ ០០០រៀល និងចំណាយថ្លៃ ទឹក ភ្លើងចំនួន ៩ ០០០ ០០០រៀល។

ជំនាញលើកឡើងថា, ករណីនេះ មិនស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខនស/ រកម/០៥១៤ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ត្រង់ប្រការ៦០ ដែលចែងថា “….ម្ចាស់យានយន្ត ត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះ ដោយខ្លួនឯង”។

តាមរយៈលក្ខណៈ វិនិច្ឆ័យរបស់ជំនាញខាងក្រសួងយល់ឃើញថា, ករណីនេះ កើតឡើងដោយសារកង្វះការយកចិត្តទុកដាក់ របស់មន្ទីរក្នុងការអនុវត្តច្បាប់។ កត្តានេះ អាចនាំឱ្យច្បាប់ស្តីពីផ្លូវថ្នល់ខាងលើពុំមានប្រសិទ្ធភាពអនុវត្ត។

ខាងជំនាញក្រសួងបានបញ្ជាក់ពីឫសគល់បញ្ហា បច្ច័យ និងផ្តល់ ជាអនុសាសន៍ ដល់លោក មុឹង យូឡេង ជាប្រធានមន្ទីរគួរផ្តោតការយកចិត្តទុកដាក់អនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន សម្រាប់កិច្ច ប្រតិបត្តិការទាំងឡាយនាពេលអនាគត។

សូមជម្រាបថាដោយសារមានការបញ្ជាពីរាជរដ្ឋាភិបាល ដោះលែងរថយន្តទាំងអស់ ដោយគ្មានលក្ខខណ្ឌ។ ដើម្បីធានា ទ្រព្យដែលរក្សាទុក១ឆ្នាំ ធ្វើឱ្យមន្ទីរព្យាករណ៍ទឹកលុយ រយៈពេល ១៨ខែ ដើម្បីផ្គត់ផ្គង់ ថែរក្សា រថយន្ត ទាំងនោះ។ មន្ទីរបានពិគ្រោះគ្នាជាមួយថ្នាក់ដឹកនាំក្រសួង រួចហើយទើបមានការស្នើសុំថវិកានេះឡើង ដើម្បីធានាប្រសិទ្ធភាពនៃការងារ និងសុំឱ្យក្រសួងជួយដោះស្រាយ។ នេះអាចជាអំពើពុករលួយ ១ជ្រុងដែលបានបែកធ្លាយ , នៅមានករណីមិនប្រក្រតីជាច្រើនទៀត ដែលលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់បានទទួលដំណឹងនេះនៅឡើយ។

ជុំវិញករណីនេះ សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោក មុឹង យូឡេង នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP