អភិបាលខេត្តបាត់ដំបង ព្រមានផ្ដាច់កុងត្រា ក្រុមហ៊ុនប្រមូលសំរាម បើសិនមិនគោរពគោលការណ៍

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានព្រមានផ្ដាច់កុងត្រា ក្រុមហ៊ុនប្រមូលសំរាម បើសិនមិនគោរពគោលការណ៍។
អភិបាលខេត្តបានព្រមានថាបើសិនជាក្រុមហ៊ុនប្រមូលសំរាម មិនបានគោរពតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនទេ នឹងឈានទៅរកការផ្ដាច់កុងត្រា ទាំងស្រុងតែម្ដង។

លោកលើកឡើងថាក្រុមហ៊ុនសំរាមនៅក្នុងខេត្ត ក៏ត្រូវមានកាតព្វកិច្ចមួយ គឺយកសំរាមឲ្យបានទៀងទាត់ និងឲ្យអស់នៅតាមមន្ទីរអង្គភាព និងនៅតាមសាធារណៈនានា ឲ្យបានកាន់តែឆាប់រហ័ស និងស្អាតផងដែរ។ 

ការព្រមាននេះធ្វើឡើង នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំណែនាំអនុវត្តផែនការធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យទូទាំងខេត្តបាត់ដំបង នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកសុខ លូ ក៏ប្រាប់អភិបាលក្រុង ស្រុក រៀបចំកិច្ចប្រជុំជាមួយជាមួយ គណៈអភិបាល ដើម្បីស្វែងរកក្រុមហ៊ុនវិនិយោគ ផ្នែកប្រមូលសំរាមក្នុងស្រុក និងស្វែងរកទីលាន ចាក់សំរាមដែលទំនេរ ហើយចំពោះស្ទឹង ប្រឡាយ អូរគឺដាច់ខាតមិន ត្រូវមានសំរាមឡើយ និងនាំគ្នាចូលរួមក្នុងការរើសសំរាម ជាប្រចាំ ដោយមិនចាំបាច់មានទិវាអនាម័យអ្វីឡើយ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ និងដើម្បីសហគមន៍ស្អាតទាំងអស់គ្នា។

លោកសុខ លូ បានលើកឡើងថា ចំពោះកិច្ចការងារសោភ័ណភាព បរិស្ថាន អនាម័យ មិនមែនសំដៅតែក្នុងក្រុងបាត់ដំបង តែមួយមុខប៉ុណ្ណោះទេ ពោលគឺត្រូវធ្វើទូទាំងខេត្តបាត់ដំបងតែម្ដង ក្នុងនោះមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវតែមានកាតព្វកិច្ចមួយដ៏សំខាន់ គឺត្រូវតែមានការរៀបចំជាធុងសំរាម និងកន្លែងដាក់សំរាម បានត្រឹមត្រូវ ដើម្បីរៀបចំឲ្យក្រុមហ៊ុនប្រមូលសំរាមអាចប្រមូលសំរាមបានកាន់តែរហ័ស និងងាយស្រួល។ 

លោកសុខ លូ បានបន្តទៀតថា បច្ចុប្បន្ននេះ ចាប់ផ្ដើមមានផ្លែផ្កាជាបណ្ដើរៗហើយ ដោយមានការប្រែប្រួលច្រើន ជាពិសេសបរិស្ថានជុំវិញផ្សារធំបាត់ដំបង(ផ្សារណាត់) ចាប់ផ្ដើមមានការទុកដាក់សំរាម មានរបៀបរៀបរយ ជាងមុន។ ដោយលែងមានសំរាម សល់ទុកចោលរាប់ថ្ងៃដូចមុនទៀតឡើយ ដូចនេះប្រជាពលរដ្ឋ ត្រូវតែបន្តចូលរួមជាមួយអាជ្ញាធរ ដើម្បីសោភ័ណភាពទីក្រុងរបស់យើង ហើយឥលូវនេះ យើងកំពុងសិក្សាអំពីការដាក់កាម៉េរ៉ា តាមដងផ្លូវដោយក្នុងគោលបំណងទី១ គឺដើម្បីពិនិត្យមើលសុខសុវត្ថិភាពនៅតាមដងផ្លូវ ទី២ពិនិត្យមើលអ្នកចោលសំរាម នៅតាមទីសាធារណៈ ដើម្បីពិន័យអ្នកដែលចោលសំរាម ផ្ដេសផ្ដាសនៅតាមសាធារណៈ។

លោក ក៏បានក្រើនរំលឹកដល់អភិបាលក្រុងស្រុក ត្រូវតែមានការប្រជុំច្បាស់លាស់ជាមួយចៅសង្កាត់ មេឃុំ មេភូមិ ដើម្បីឲ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ហើយបើសិនជាអាច ត្រូវតែរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងដល់លំនៅដ្ឋានរបស់គាត់ ព្រោះឥឡូវនេះ សញ្ញាណនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងកំពុងតែផ្ទុះជាសហគមន៍ធ្ងន់ធ្ងរ នៅឯរាជធានីភ្នំពេញ ដូចនេះយើងត្រូវត្រៀមលក្ខណៈជាបន្ទាន់ទប់ស្កាត់ឲ្យដោយនាំគ្នាចូលរួមចាក់វ៉ាក់សាំងដូសជំរុញទាំងអស់គ្នា៕SRP