អភិបាលខេត្តបាត់ដំបង ប្រាប់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួម គោរពច្បាប់ចរាចរណ៍

អភិបាលខេត្តបាត់ដំបង ប្រាប់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួម គោរពច្បាប់ចរាចរណ៍

ខេត្តបាត់ដំបង៖លោកសុខ លូ បានមានប្រសាសន៍ដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ស្រវឹងកុំបើកបរ ពាក់មួកសុវត្ថិភាព កុំបើកបរក្នុងស្ថានភាពងងុយជាដើម ដើម្បីលុបបំបាត់នៅអាត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យកាន់តែកាត់បន្ថយជាងមុន និងឈានទៅរកការឈប់ទាំងស្រុងនូវការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ លោកក៏បានបន្តជំរុញ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំង ដូសទី៣ ឱ្យបានគ្រប់ៗគ្នា ផងដែរ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងបែបនេះក្នុងក្នុងពិធីសម្ពោធអាគារសិក្សាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកសុខ លូ បានមានប្រសាសន៍បន្តថា ចាប់តាំងពីឆ្នាំ១៩៧៩ ពោលគឺក្រោយរបបកម្ពុជាប្រជាធិបតេយ្យ អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លិចបំផ្លាញស្ទើរ តែទាំងស្រុង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ក៏ប៉ុន្តែ ដោយសារតែនយោបាយឈ្នះៗរបស់សម្ដេច ហ៊ុនសែន បានកែប្រែប្រទេសកម្ពុជាឲ្យក្លាយជាប្រទេស ដែលមានសុខសន្ដិភាពពេញលេញ បានបង្កើតឱកាសដល់វិស័យឯកជននានា មកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យអប់រំ ដែលជាវិស័យមួយកំពុងតែរីកដុះដាលដូចផ្សិត ហើយវិស័យអប់រំនេះបានបណ្ដុះបណ្ដាលធនធនមនុស្ស ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការកើនឡើងជាលំដាប់ ។ 

លោកក៏បានធ្វើការក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ បូករួមទាំងផ្នែកសំណង់អាណាធិបតេយ្យ ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋត្រូវតែអនុវត្ត ដើម្បីផលប្រយោជន៍ខេត្ត និងសណ្ដាប់ធ្នាប់ក្នុងខេត្តឲ្យមានរបៀបរៀបរយ គ្មានសំរាម។ 

លោកសាស្រ្ដាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)បានមានប្រសាសន៍ថា សាកលវិទ្យាល័យនេះ ដើមឡើយមានឈ្មោះថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិជ្ជា (CUP)ដែលកកើតឡើងនៅឆ្នាំ២០០២ និងនៅឆ្នាំ២០១៨ក៏បានផ្លាស់ប្ដូរឈ្មោះជាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបច្ចុប្បន្ននេះមានចំនួន៤សាខាទូទាំងប្រទេសកម្ពុជា៕SRP