សម្ដេចហ៊ុន សែន ជូនការដូ នូវស្ពានឆ្លងស្ទឹងសែន តភ្ជាប់ពីឃុំត្បូងក្រពើ ទៅឃុំព្រៃគុយ

សម្ដេចហ៊ុន សែន ជូនការដូ នូវស្ពានឆ្លងស្ទឹងសែន តភ្ជាប់ពីឃុំត្បូងក្រពើ ទៅឃុំព្រៃគុយ

ខេត្តកំពង់ធំ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូននូវការដូពិសេស ដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ នូវស្ពានឆ្លងស្ទឹងសែន មានប្រវែង ១៨០ម៉ែត្រ តភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ។

អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញបានបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងសែន មានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ។

ថ្លែងនៅក្នុងពិធី លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ការដូរពិសេសនូវស្ពាន ឆ្លងស្ទឹងសែន ដែលត្រូវសាងសង់នាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹមបណ្ដោយ ១២,២ម៉ែត្រ, សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពាន ចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន ១.៣ម៉ែត្រ (បូកទាំងឃឿន) ហើយស្ពាននេះ ជាចំណុចតភ្ជាប់រវាង ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ស្ពាននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីដឹកកសិផល ឆ្លងកាត់ឲ្យមានលក្ខណៈ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ យើងធ្វើដំណើរ កាត់បន្ថយពេលវេលា នៅពេលឆ្លងកាត់ ក៏ដូចជាភ្ញៀវទេសចរណ៍ ចូលទៅកំសាន្តនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ និងទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ផងដែរ៕SRP