ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលជាគ្រូពេទ្យមានជំនាញ បទពិសោធន៍ ច្បាស់លាស់ ទទួលបានការសិក្សា នៅឯបរទេស ហើយបានលះបង់ពេលវេលា ចុះជួយពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនគិតពីការនឿយហត់។ លោកថា
កើតចេញពីស្មារតីមនុស្សធម៌ សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការពិនិត្យព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
លោកថ្លែងបែបនេះក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោកហ៊ុន ម៉ានី ជិត៥០០នាក់ ចុះពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាង១០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹមិញនេះ។
ថ្លែងក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា បេីទោះបីជាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព របស់រដ្ឋមាននៅគ្រប់មូលដ្ឋាន ប៉ុន្តែការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅតែមិនទាន់តាមតម្រូវការនៅឡើយទេ។ ដូច្នេះទើបមានការស្នើសុំទៅលោក ហ៊ុន ម៉ានី ដេីម្បីបញ្ជួនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋាននាឱកាសនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ជីវភាព ក្នុងគ្រួសារពុកម៉ែបងប្អូន ដោយមិនត្រូវចំណាយពេលវេលា និងថវិកាទៅពិនិត្យ និងព្យាបាលជម្ងឺ នៅឯទីឆ្ងាយៗ។
អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មី ជាពិសេស ប្រភេទអូមីក្រុង គឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបា ក៏ដូចជាវិធានការសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាផងដែរ៕SRP