ខេត្តក្រចេះ៖មានការលើកឡើងថាក្រុមហ៊ុនស៊ីងបាយអូថេក នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងក៏ដោយ។
ប្រភពបានឲ្យដឹងថាក្រុមឈ្មួញបានប្រើប្រាស់គោយន្តកន្ត្រៃ រាប់រយគ្រឿង ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ចូលមកតាមផ្លូវត្រង់ក្រវ៉ាត់ ក្នុងដីក្រុមហ៊ុន ត្រង់និយាមកា 48P 0595836 UTM 1431190 ដើម្បីជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក ឲ្យឈើក្លាយជាឈើស្របច្បាប់។
ប្រជាពលរដ្ឋបានបង្ហាញផ្លូវនិងទីតាំងដែលក្រុមគោយន្តរាប់សិបគ្រឿងកំពុងធ្វើសកម្មភាពកាប់ឈើឈ្លីក និងដឹកចេញពីតំបន់ព្រៃឡង់។ ជាកស្ដែងអ្នកសារព័ត៌មានបានជួបប្រទះគោយន្តកន្ត្រៃដឹកឈើឈ្លីក(ឃ្លុម)ជាបន្តបន្ទាប់រាប់សិបគ្រឿង នៅចំណុចនិយាមកា 48P 592218 UTM1430366 និងចំណុច48P 594143 UTM1429657 ស្ថិតក្នុងឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះ។
បើតាមម្ចាស់គោយន្តកន្ត្រៃដឹកឈើនោះបានអះអាងថា ដឹកលក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក តម្លៃក្នុងមួយម៉ែត្រគូប១០០ដុល្លារ (ស្មើ៤០ម៉ឺនរៀល) គោយន្តកន្ត្រៃដឹកឈើថ្ងៃនេះមានជាង៣០គ្រឿង។ក្នុងនោះមានគោយន្តដឹកឈើទាំងអស់សរុបប្រមាណជាង៣៥០គ្រឿង។
សេចក្ដីរាយការណ៍បង្ហើបថា ក្រោយមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយពាក់ព័ន្ធ ថាមានមនុស្សរបស់ក្រុមហ៊ុនស៊ីងបាយអូថេក បានកៀងគរប្រជាពលរដ្ឋកាន់រណាយន្តនិងគោយន្តកន្ត្រៃ បន្តលូចចូលទៅកាប់ឈើ និងអារឈើក្នុងតំបន់ព្រៃឡង់ ដឹកចូលលក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក។
យោងតាមបណ្ដាញព័ត៌មានក្នុងស្រុកថាមានមេឈ្មួញបាននៅពីក្រោយខ្នងឲ្យមនុស្សរបស់ខ្លួនឈរចាំទិញឈើ និងកៀងគរ ប្រជាពលរដ្ឋឲ្យចូលទៅក្នុងព្រៃកាប់ឈើ និងអារឈើ ដើម្បីឲ្យក្រុមហ៊ុនស៊ីងបាយអូថេក។ ជុំវិញការលើកឡើងបែបនេះ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុនស៊ីងបាយអូថេក នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕SRP

