អភិបាលខេត្តបាត់ដំបង ប្រាប់សិស្សថា៖ ប្រសិនបើ ឃើញអ្វីមិនប្រក្រតី ក្នុងសាលារៀន ឬខាងក្រៅ ត្រូវរាយការណ៍ជាបន្ទាន់

0

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានថ្លៃប្រាប់សិស្សថា ប្រសិនបើសិស្សានុសិស្ស ឃើញអ្វីមិនប្រក្រតីក្នុងសាលារៀន ឬខាងក្រៅសាលារៀន ដូចជាអំពើហិង្សា ឬការប្រើប្រាស់គ្រឿងញៀនផ្សេងៗ សូមប្រញាប់មករាយការណ៍មកលោកគ្រូ អ្នកគ្រូ នាយកសាលា ឬអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់ដើម្បីធ្វើការដោះស្រាយ និងអប់រំពួកគេឲ្យបានទាន់ពេលវេលា ព្រោះពួកគេគឺជាជនរងគ្រោះ ដោយយើងមិនត្រូវទុកចោលឡើយ យើងត្រូវធ្វើការណែនាំ និងអប់រំជាបន្ទាន់ដើម្បីកុំឲ្យហួសពេលវេលា។

លោកក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ កុំបោះបង់ចោលឲ្យសោះនូវភាសាបរទេស និងកំព្យូទ័រ ដែលជាជំនាញទន់មួយ ព្រោះយើងមិនអាចខ្វះភាសាបរទេស និងកំព្យូទ័របានឡើយ ដោយសារពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យា និងការទំនាក់ទំនងគ្នាជាអន្តរជាតិ ។ 

លោក សុខ លូ ក៏បានមានប្រសាសន៍កោតសរសើរដល់សិស្សានុសិស្ស ទាំងអស់ដែលបានខិតខំរៀនសូត្រ ទទួលបាននិទ្ទេសល្អៗ ដែលបាននាំយកកិត្តិយស ជូនដល់សាលា គ្រួសារ និងសង្គម ឲ្យកាន់តែមានការរីកចម្រើនលើផ្នែកប្រព័័ន្ធអប់រំ។ 

លោកបានបន្តទៀតថា ចំពោះសិស្សានុសិស្សដែលមិនទទួលបាននិទ្ទេស ល្អប្រសើរ ឬមិនអាចប្រឡងជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកុំបាក់ទឹកចិត្តឲ្យសោះ ត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៅមុខទៀត ជាពិសេសខិតខំក្រេបយកចំណេះដឹងផ្នែកឧត្តមសិក្សា ដែលជាស្ពានឆ្លងទៅរកភាពមានការងារធ្វើ ទទួលបានប្រាក់កំរៃគ្រប់គ្រងជីវភាព ព្រោះថា មិនថាក្នុងការធ្វើអាជីវកម្ម ឬធ្វើការអ្វីឡើយ ទាមទារឲ្យមាននជំនាញ និងចំណេះដឹងច្បាស់លាស់ ហើយជំនាញ និងចំណេះដឹងទាំងនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង ពិសេសថ្នាក់ឧត្តមសិក្សា ជួនកាលសិស្សានុសិស្សមួយចំនួនមិនសូវពូកែពេលសិក្សាចំណេះដឹងទូទៅ ក៏ប៉ុន្តែពូកែពេលជាឧត្តមសិក្សានៅពេលដែលសិស្សានុសិស្សទាំងនោះបានជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ។ 

លោកសុខ លូ មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA និងពិធីចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន១១០នាក់នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕SRP