ខេត្តប៉ៃលិន៖មានការលើកឡើងថាដើមឈើប្រណិតៗ ស្ថិតនៅភ្នំស្រង់ ស្ថិតនៅក្នុងភូមក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងទទួលរងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ។
ប្រជាពលរដ្ឋបានរាយការណ៍ថា នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ ពួកគាត់ប្រទះឃើញឈើជ្រុងប្រណិតៗច្រើនដុំ ប្រវែងជាង៣ម៉ែត្រ ត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅរាយប៉ាយ តាមជើងភ្នំស្រង់។ ករណីនេះពួកគាត់សង្ស័យថា ប្រសិនគ្មានការគប់គិត ពីមន្ត្រីជំនាញនោះទេ ក៏ពួកឈ្មួញមិនហ៊ានចូលទៅកាប់បំផ្លាញនោះដែរ។
ប្រជាពលរដ្ឋ ដែលប្រទះឃើញកំណាត់ឈើដ៏ច្រើនសន្ធឹកសន្ធាប់ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា៖ តាមការសង្កេតមើលទៅព្រៃឈើនៅត្រង់ចំណុចភ្នំខាងលើ នឹងរលត់រលាយជាក់ជាមិនខាន ខណ:មានក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលកាប់ព្រៃ រស់នៅក្នុងខេត្តប៉ៃលិនមួយចំនួន បានយកម៉ាស៊ីនត្រង់ស៊ីន័រ ទៅដេកអារឈើនៅលើព្រៃភ្នំស្រង់នេះអស់រយ:ពេល ជាច្រើនខែមកហើយ គឺលាន់ឮសម្លេងម៉ាស៊ីនត្រសងប្រដេញគ្នាទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋបន្តថាពេលពួកគាត់សាកសួរក្រុមស៊ីឈ្នួលកាប់ឈើទាំងនោះ គេបង្ហើបឱ្យដឹងថា៖បានរត់ការទៅមន្រ្តីជំនាញអស់ហើយ។ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថារត់ការទៅជំនាញមួយណានោះឡើយ។
ប្រជាពលរដ្ឋ នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការហិនហោច នៃព្រៃឈើ នៅតាមតំបន់ភ្នំ ព្រោះតែមន្ត្រីជំនាញ ហាក់ដូចជាសម្ងំស្ងៀម មិនមានចំណាត់ការ ទៅលើជនល្មើសទាំងនោះឡើយ ហើយពេលពួកគេរាយការណ៍ជូន បែរជាស្ងាត់ឈឹង ហាក់ដូចជាមិនប្រក្រតី។
ករណីនេះ ពួកគាត់រំពឹងថាថ្នាក់ដឹកនាំខេត្តប៉ៃលិន នឹងចុះត្រួតពិនិត្យមើលព្រៃឈើនៅកន្លែងខាងលើ ដើម្បីរក្សាព្រៃឱ្យបានគង់វង់ និងចាត់វិធានការទៅលើជនបំផ្លាញព្រៃឈើមួយចំនួនផងដែរ។
ពាក់ព័ន្ធទៅការកាប់បំផ្លាញព្រៃឈើ នៅភ្នំស្រង់នេះ អ្នកសារព័ត៌មាន បានទាក់ទងទៅលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ដោយលោកលើកឡើងថា៖ ខាងលោកនឹងចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល បញ្ហាកាប់បំផ្លាញព្រៃឈើនៅតំបន់ខាងលើនេះ៕SRP ដោយស សារឿន