ខេត្តសៀមរាប៖ចោរបានគាស់តូបលក់ខោអាវមួយកន្លែង ដោយយកទ្រព្យសម្បត្តិ ជាង១ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍ភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្សារសសរស្ដម្ភ ក្នុងភូមិឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាម្ចាស់តូប មានឈ្មោះ ត្រិច សុថាច ភេទស្រី អាយុ៥១ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ មុខរបរអាជីវករលក់ខោអាវ បានប្ដឹងរាយការណ៍ថានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពេលព្រឹកគាត់បានបើកតូបលក់ នៅក្នុងផ្សារសសរស្ដម្ភ ដូចសព្វដង ហើយម៉ោង២រសៀលកូនឈ្នួលគាត់ឈ្មោះ ឈន់ ស្រីហាច ភេទស្រី អាយុ២៣ឆ្នាំ ផ្ទះនៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បានបិទតូបរៀបទុកដាក់ខោអាវ និងចាក់សោទ្វារតូបត្រឹមត្រូវ ហើយត្រឡប់ទៅដេកផ្ទះរៀងៗខ្លួន លុះរំលង១យប់នៅម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឈ្មោះឈន់ ស្រីហាច បានមកបើកតូបលក់ ដោយចាក់សោទ្វារមុខបានឃើញខោអាវ ក្នុងតូបរាយប៉ាយនិងបាត់ខោអាវ រ៉ូប សារ៉ុងអស់មួយចំនួន នៅសល់ខោអាវតម្លៃថោកមួយចំនួន និងពិនិត្យឃើញទ្វារតូបផ្នែកចំហៀង បិទធម្មតា តែបាត់មេសោ ពេលនោះដឹងថាតូបត្រូវបានចោរ(ជនមិនស្គាល់មុខ) ធ្វើសកម្មភាពលួច ហើយបានតេទូរស័ព្ទប្រាប់ថៅកែ និងប្ដឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវតែម្ដង។
ករណីនេះកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវឃើញថា ចំណុចទ្វារ (បាត់មេសោ) គ្មានស្លាកស្នាមគាស់ឬកាត់នោះទេ គ្មានស្លាកស្នាមវត្ថុតាងបន្សល់ទុក ហើយគ្មានសាក្សីដឹងព័ត៌មានតម្រុយ នូវសកម្មភាព ជនសង្ស័យប្រព្រឹត្តិ ហើយតូបកើតហេតុមានកាមេរ៉ាសុវត្ថិភាព ប៉ុន្តែកាមេរ៉ាខូចឈប់ប្រើ។
តាមការបញ្ជាក់ពីម្ចាស់តូបគាត់បាត់បង់អស់ដូចជាប្រភេទ ខោខៅបោយ តម្លៃពី ៣៥០០០៛ , ៤៥០០០៛, ប្រភេទខោសាច់ក្រណាត់តម្លៃពី ២៥០០០៛ ទៅ ៤៥០០០៛, ប្រភេទអាវរាង អាវប្រអប់តម្លៃពី ១៥០០០៛ ទៅ ៣៥០០០៛ , រ៉ូបតម្លៃពី ១៥ដុល្លារ , ២០ដុល្លារ , ២៥ដុល្លារ , ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរតម្លៃពី ៣០ដុល្លារ, ៤០ដុល្លារ , សារ៉ុង តម្លៃពី ១០០០០៛ ទៅ ៤០០០០៛ ។ ប្រភេទខោអាវក្មេង មនុស្សធំ បុរស-ស្រ្តី ផលិតផល ថៃ ហុងកុង ភ្នំពេញ។ សរុបជាទឹកប្រាក់ប្រហែល ១០០០០ដុល្លារ(មួយម៉ឺន)ដុល្លារអាមេរិក។
ទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងករណីនេះកម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីចាប់ជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

