អភិបាលខេត្តបាត់ដំបង រំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល ឲ្យចូលរួមពង្រឹងសំអាតនូវបរិស្ថាន

0

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងរំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល ចូលរួមពង្រឹងសំអាតនូវបរិស្ថាន អនាម័យជុំវិញគេហដ្ឋាន ក៏ដូចជាបរិស្ថានសាធារណៈក្នុងក្រុង ដោយចេះទុកដាក់កាកសំណល់សំរាម ឲ្យមានរបៀបរៀបរយ បោះសំអាតជាប្រចាំ ដើម្បីឲ្យសោភ័ណភាព ក្នុងក្រុងបាត់ដំបង កាន់តែស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ 

លោកក៏បានផ្ដាំផ្ញើ ដល់សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូទាំងអស់ ដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំ ដើម្បីចូលរួម និងកាត់ផ្ដាច់ការឆ្លងជាសហគមន៍ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលយ៉ាងឆាប់រហ័ស ក្នុងសហគមន៍ និងពិភពលោក។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស

អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២១-២០២២ នៃសាលាបញ្ញាសាស្រ្ដអន្តរជាតិ ខេត្តបាត់ដំបង នៅថ្ងៃពុធទី២៦ ខែមករា ឆ្នាំ២០២២នេះ។

លោកសុខ លូ អភិបាល បានមានប្រសាសន៍ អបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាគឺជាជំហានដំបូងនៃការជោគជ័យក្នុងជីវិតសិក្សា។ 

លោក បានបន្តទៀតថា ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលនេះ មិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងដោយការខិតខំរៀនសូត្រកន្លងមក ហើយមួយចំណែកទៀតដែលធ្វើឲ្យសិស្សានុសិស្សទាំងអស់បានទទួលជោគជ័យគឺ មាតាបិតា និងលោកគ្រូ អ្នកគ្រូ ដែលលោកទាំងអស់គ្នាខិតខំខ្លាំងណាស់ ប្រកបមុខរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់គ្រួសារ អាចឲ្យកូនៗបានសិក្សារៀនសូត្របាន ហើយលោកគ្រូអ្នកគ្រូ បានខិតខំបង្រៀន និងស្វែងរកវិធីសាស្រ្ដគ្រប់បែបយ៉ាង ដើម្បីឲ្យសិស្សបានយល់ បានដឹងផងដែរ។ 

លោកក៏បានណែនាំដល់សិស្សានុសិស្ស ឲ្យបន្តខិតខំរៀនសូត្របន្ថែមទៀត ទាំងផ្នែកភាសា និងជាពិសេសពេលចូលដល់ឧត្តមសិក្សា ត្រូវជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយត្រូវយកជំនាញដែលខ្លួនបានរៀននោះ ទៅអនុវត្តក្នុងសង្គមដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

សូមជម្រាបថា ក្នុងចំណោមសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ទូទាំងខេត្តបាត់ដំបងទាំងអស់ ក្នុងនោះ សិស្សានុសិស្សមកពីសាលាបញ្ញាសាស្រ្ដអន្តរជាតិ បានប្រឡងជាប់ចំនួន៥៩នាក់ ក្នុងនោះ -សិស្សនិទ្ទេសAចំនួន១១នាក់

-សិស្សនិទ្ទេសB ចំនួន១០នាក់ 

-សិស្សនិទ្ទេសCចំនួន៧នាក់

-សិស្សនិទ្ទេសDចំនួន១៥នាក់ 

-សិស្សនិទ្ទេសEចំនួន១៦នាក់៕SRP