ការ​ចាក់​វ៉ាក់សាំង​ដូសជម្រុញទី៤​នេះ​ ដើម្បីការពារ​សុខភាព​ កុំឲ្យមានការឆ្លង អូមីក្រុង

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ​ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការ​ចាក់​វ៉ាក់សាំង​ដូសជម្រុញ ទី៤​នេះ​ ដើម្បីការពារ​សុខភាព​ សំដៅ​ធ្វើ​យ៉ាងណា​ ​កុំ​ឲ្យមាន​ការ​ឆ្លង​រីករាលដាលនៃ​​មេរោគបំលែង​ខ្លួនថ្មី ប្រភេទ​ អូមីក្រុង ដែល​ពិភពលោក​កំពុង​តែ​មានការ​​​ព្រួយ​បារម្ភ​។ លោកថា មេរោគ​ប្រភេទ​នេះ វា​ពិតជាងាយ​ឆ្លង​លឿនណាស់​ មានតែ​ការ​ចាក់​​វ៉ាក់សាំង​​ទេ​ ដែល​អាច​​ការពារ​យើង​ឲ្យ​ជៀសផុតពី​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ បាន ។

អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​សូម​ឲ្យមានការ​រួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លង​ជំងឺកូវីដ-១៩​ ជាពិសេស​វីរុសបំលែង​ខ្លួនថ្មី ប្រភេទ​ អូមីក្រុង ដោយ​កុំភ្លេចអនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ តាម​ប្រសាសន៍​ណែនាំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏ដូចជា​ក្រសួង​សុខាភិបាល​។

លោក​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍បែបនេះក្នុងពេកអញ្ជើញ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជម្រុញទី៤​ នៅ​សាលសន្និសីទ​សាលាខេត្តកំពង់ចាម​ ​​នៅថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២២​នេះ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ ដែល​បាន​ផ្ដល់​ វ៉ាក់សាំង​ម្ជុលទី៤ ជាដូសជម្រុញ​ សម្រាប់​ចាក់ជូន​ថ្នាក់ដឹកនាំ​ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្តកំពង់ចាម។

តាម​របាយការណ៍ របស់​ លោក​វេជ្ជបណ្ឌិត​ គីម​ សួរភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ​ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម​សម្រេច​ចាក់​វ៉ា​ក់​បង្ការ​ជូន​ប្រជាពលរដ្ឋ កុមារ​អាយុ​ ៥ឆ្នាំ​ ចាក់ដូស​ទី​១​ បាន​៨៧%​ ដូសទី​២​ បាន៦៣%​។ កុមារ​អាយុ​៦ឆ្នាំ​ ដល់​១១ឆ្នាំ​ ចាក់​ដូស​ទី​១​ បាន​១១០%​ ដូសទី​២​ បាន១០២%​។ អាយុ​១២​ ដល់​១៨ឆ្នាំ​ ចាក់​ដូស​ទី​១​ បាន​១០០%​ ដូសទី​២​ បាន៩៦%​។ និង​អាយុ​១៨ឆ្នាំ​ឡើង​ ចាក់​ដូស​ទី​១​ បាន​៧២%​ ដូសទី​២​ បាន៦៨%​ និង​ដូស​ជម្រុញ​ទី​៣​ បាន​៣៧​%​។ ​ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹង​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺឆ្លង​កូ​វីដ-១៩ ក្នុង​ដូ​ស​ទី​៤ ឬ​ដូ​ស​ជម្រុញ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​ហ៊ុន សែន ដល់​ថ្នាក់ដឹកនាំ​ ​មន្ត្រីរាជការ​ និង​មន្ត្រី​នគរបាលជាតិ នៅក្នុង​ខេត្តកំពង់ចាម ផងដែរ៕SRP