ភ្នំពេញ៖ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាល សម្ដេច ស ខេង បានអះអាងថាលទ្ធផលនៃការស្រាវជ្រាវអំពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលដែលមិនបានចូលរៀនវគ្គបណ្ដុះបណ្ដាល ព្រមទាំងការធ្វើបច្ចុប្បន្នភាពនៃការតម្លើងឋានៈ តួនាទី និងសក្ដិឱ្យបានសមស្រប ក្នុងនោះឆាប់ៗខាងមុខ ក្រសួងនឹងចេញគោលការណ៍ណែនាំដើម្បីដោះស្រាយបញ្ហានេះ។ សម្ដេចបន្តថាមន្រ្តីនគរបាលមួយចំនួនត្រូវបានរកឃើញថាកំពុងបំពេញការងារ និងដឹកនាំការងារ ដោយមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនោះទេ ក្នុងនោះក្នុងចំណោមជាង៩ពាន់តំណែង មានជាង២ពាន់តំណែងហើយមិនបានចូលរៀនវគ្គនគរបាលមូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកមិញនេះ។
សម្ដេចស ខេង បានគូសបញ្ជាក់ថាការបន្តផ្ដល់រថយន្តនាពេលនេះ គឺជាផ្នែកមួយនៃកំណែទម្រង់កងកម្លាំងនគរបាលជាតិ ដែលនេះគឺជាលើកទី៦ ហើយដែលក្រសួងបានបែងចែករថយន្តប្រភេទនេះដល់អង្គភាពនគរបាលជាតិទូទាំងប្រទេស ដោយគិតពីឆ្នាំ២០១៩មក មានចំនួន២៦៤គ្រឿង។ នេះមិនគិតពីរថយន្តផ្សេងៗដែលបានផ្ដល់ជូនក្នុងរយៈពេលដូចគ្នានេះ និងនៅនាពេលកន្លងមកផង។
បើតាមការបញ្ជាក់អំពី អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ បានឱ្យដឹងថារថយន្តផ្ដល់ជូននាពេលនេះ ជាប្រភេទរថយន្តភីកអាប់ផលិតឆ្នាំ២០២២ ក្នុងនោះនាយកដ្ឋាននគរបាលព្រំដែនទឹកទទួលបាន៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទទួលបាន១គ្រឿង, កំពត១គ្រឿង, កោះកុង២គ្រឿង, រតនគិរី២គ្រឿង, ស្វាយរៀង២គ្រឿង, ក្រចេះ១គ្រឿង, មណ្ឌលគិរី២គ្រឿង, ព្រៃវែង១គ្រឿង, ស្ទឹងត្រែង១គ្រឿង, ត្បូងឃ្មុំ២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តតាកែវ១គ្រឿង៕SRP

