អាជ្ញាធរគ្រោងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តសៀមរាប

អាជ្ញាធរគ្រោងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តសៀមរាប

ខេត្តសៀមរាប៖អាជ្ញាធបានអះអាងថាខ្លួនគ្រោងរៀបចំ ចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីបង្ហាញមោទកភាពលើសមិទ្ធផលថ្មី( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំ នៅថ្ងៃទី ១៧ ខែ មករា ម្សិលមិញ ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្ត លោក ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញឲ្យពង្រឹងអនុវត្តវិធានការគ្រប់គ្រង ដោះស្រាយបញ្ហាដីព្រៃលិចទឹក នៅក្នុងតំបន់៣បឹងទន្លេសាប  ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និង ក្តីកង្វល់អំពីបញ្ហាកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកទៀ សីហា បានថ្លែងថា  ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និង កំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះ។ 

លោកទៀ សីហា សង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន។ ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិផងដែរ។ 

លោកបន្តថាបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអាទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់  ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត។  លោកមានប្រសាសន៍ថា  អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខជានិច្ច៕SRP