ខេត្តសៀមរាប៖ក្រុមប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាតវ៉ាមិនឲ្យមានការចាក់អាចម៌ដី ដែលពួកគាត់បានអះអាងថា ជាដីរបស់ឈ្មោះ ប៉ែត ហាច។
ប្រជាពលរដ្ឋ រស់នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានលើកឡើងថា ទីតាំងដែលមានគេកំពុងចាក់អាចម៍ដីនោះ ដីដែលកំពុងមានទំនាស់ និងជាដីរបស់ ឈ្មោះ ប៉ែត ហាច អាយុ២៥ឆ្នាំ ភេទស្រី អាស័យដ្ឋាននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាម្ចាស់ដីនៅទីតាំងខាងលើ ស្ថិតក្នុងភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាដើមបណ្ដឹង។ ចំណែកចុងបណ្ដឹងឈ្មោះ ឈ្មោះ លៀស ហាប់ ជាម្ដាយបង្កើត របស់ឈ្មោះ ប៉ែត ហាច។
រឿងក្ដីដីធ្លី កូននិងម្ដាយបង្កើត ភាគីខាងកូនឈ្មោះ ប៉ែត ហាច ដែលជាដើមបណ្ដឹងនិងប្រជាពលរដ្ឋ រួមទាំងសាក្សីជាច្រើននាក់ផងនោះ បានសុំសំណូមពរឲ្យថ្នាក់ដឹកនាំជួយរកចិត្តធម៌ ជូនដល់គ្រួសារពួកគាត់ផង ត្បិតរឿងនេះពួកគាត់អះអាងថាដីចំណុចដែលគេកំពុងចាក់អាចម៍ដីនោះ ដីដែលកំពុងមានទំនាស់ និងជាដីរបស់ ឈ្មោះ ប៉ែត ហាច ដែលបច្ចុប្ប្ន មានអាយុ២៨ឆ្នាំហើយ។
យោងតាមលិខិតរបស់ការិយាល័យមេធាវីនាគព័ន្ធ ចុះថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២១ ដោយលោក ភុំ ប៊ុនធេន ដែលការពារក្ដីឱ្យដើមចោទឈ្មោះ ប៉ែត ហាច បានបញ្ជាក់ថាការទាមទារថា៖ កាលពីអំឡុងឆ្នាំ១៩៩៤-ឈ្មោះ ប៉ែត ហាច បានកើតពីម្តាយឈ្មោះ លៀស ហាប់ ប្រហែល៨ខែ ក៏ឈ្មោះ លៀស ហាប់ បានចុះចោលពីផ្ទះ និងទុកកូនចោលឈ្មោះ ប៉ែត ហាច ពេលនោះ ឈ្មោះ ឆេង ប៉ែត ក៏បានទទួលឈ្មោះ ប៉ែត ហាច ចិញ្ចឹម និងបានធ្វើសំបុត្របញ្ជាក់ លេខ១៧២ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០២។ ចាប់តាំងពីពេលនោះមក មានរយៈពេលជាង២០ ដែលចុងចម្លើយមិនដែលបានអើរពើ និងទទួលខុសត្រូវលើកូននោះទេ។ ក្នុងស្ថានភាពនេះឈ្មោះ យាយ វឹង ដែលជាយាយរបស់ឈ្មោះ ប៉ែត ហាច និងជាម្ដាយរបស់ឈ្មោះ លៀស ហាប់ បានសម្រេចប្រគល់ដីមរតកមានទំហំប្រហែល២៩៨៥ម៉ែត្រការ៉េ ស្ថិតនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានព្រំប្រទល់ជាប់និង៖
ខាងលិចជាប់និងថ្នល់ជាតិ
–អាងកើតជាប់និងផ្លូវរទេះ
ខាងជើងជាប់និងផ្លូវរទេះ
-ខាងត្បូងជាប់និង ខា សុខនី
មកឲ្យដើមចោទដោយឲ្យឈោ្មះ ឆេង ប៉ែត ជាអ្នកមើលការខុសត្រូវរហូតដល់ដើមចោទធំ ដឹងក្តី ទើបប្រគល់ឲ្យ។ អំឡុងពេលដែលបានប្រគល់ដីខាងលើមានអ៊ុំៗ ឈោ្មះ លៀស ហំ, លៀស ឡង , លៀស ហាន់, លៀស ស៊ិញ ដឹងឮផងដែរ។
អង្គហេតុដែលជាមូលហេតុនៃការទាមទារចំណុចនីមួយៗ៖ ដីមរតក ខាងលើត្រូវបានឈ្មោះ ឆេង ប៉ែត គ្រប់គ្រងនិងអាស្រ័យផលជាង២០ឆ្នាំ ហើយ តែអំឡុងឆ្នាំ២០១៥ ឈ្មោះ ប៉ែត ហាច ត្រូវបានរៀបការនិងមានប្តីសី ក៏សម្រេចប្រគល់ដីខាងលើ មកឲ្យឈ្មោះ ប៉ែត ហាច គ្រប់គ្រងនិងធ្វើស្រែ បានចំនួន២ឆាំ្ន ក៏ឈ្មោះ លៀស ហាប់ បានធ្វើដែរ ហើយឥឡូវមិនបានប្រគល់ដីឲ្យមកប៉ែត ហាច ទេ ថែមទាំងចាក់ដីនិងធ្វើរបងទៀតផង។
លិខិតរបស់ការិយាល័យមេធាវីនាគព័ន្ធ ចុះនៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១ ដែលចុះហត្ថលេខាដោយមេធាវី ភុំ ប៊ុនធេន សូមជម្រាបជូន លោកស្រី ចៅក្រមមេត្តាជ្រាបថា៖ ក្នុងសំណុំរឿងដីការក្សាការពារខាងលើ ខ្ញុំបាទសូមបញ្ចូលនូវភស្តុតាងមួយ ចំនួនដែលជាប្រយោជន៍ដល់កូនក្តីខ្ញុំដូចខាងក្រោម៖ ភស្តុតាងជាសាក្សី
១៖ ឆេង – ប៉ែត ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែងខេត្តសៀមរាប។ ២/ឈ្មោះ លៀស ហាន់ អាយុ៥២ឆ្នាំ ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៣/ឈ្មោះលៀស ឡេង អយុ៥១ឆ្នាំ ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ពានតូច ឃុំ ឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៤/ឈ្មោះ ហួត យ៉ាន អាយុ៦៣ឆ្នាំ ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ពានតូច ឃុំ ឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៥) ឈ្មោះ ថន ដន អាយុ៦១ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិស្ថានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៦ឈ្មោះ ឆែម មួន អាយុ៧៦ឆ្នាំ ភេទស្រី មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិស្ថានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៧/ឈ្មោះ ឆេង បូង អាយុ៦៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ៨/ឈ្មោះ លៀស ហំ អាយុ៥៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
លិខិតដដែលបន្តថាគោលបំណងៈ សាក្សីខាងលើមានគោលបំណងបញ្ជាក់ថា ដីដែលជាកម្មវត្ថុនៃបណ្ដឹង គឺជាដី របស់យាយ វឹង មុនពេលយាយ វឹង ស្លាប់ គាត់ពិតជាបានប្រគល់ដីខាងលើ មកឲ្យចៅស្រីឈោ្មះ ប៉ែត ហាច ពិតប្រាកដមែន។
នៅក្នុងពេលប្រជាពលរដ្ឋនាំគ្នាតវ៉ាមិនឲ្យមានការចាក់អាចម៍ដី ទៅលើដីរបស់ឈ្មោះ ប៉ែត ហាច ដែលជាដើមបណ្ដឹង នោះ មានបុរសម្នាក់បាននិយាយថា គេជាម្ចាស់ដី ពួកគេមានប្លង់កាន់កាប់គ្រប់គ្រាន់ ក្នុងការគ្រប់គ្រងលើដីដែលកំពុងចាក់អាចម៌ដីបំពេញនេះ។ ដោយបុរសរូបនោះមិនបានបំភ្លឺប្រាប់អ្នកសារព័ត៌មាននោះ ប៉ុន្តែឲ្យលិខិតបញ្ជាក់ការចូលជាស្ថាពរនៃដីកាសម្រេច របស់លោកញ៉ែម ពិតណ្ណា ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១។
បានឃើញ ពាក្យសុំ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ របស់ឈ្មោះ ឃឹង សុជាថា មេធាវីតំណាង ដោយអណត្តិឲ្យឈ្មោះ លៀស ហាប់ ភាគីម្ខាងទៀត ដែលមានខ្លឹមសារសុំលិខិតបញ្ជាក់ការចូលជាស្ថាពរ នៃដីកាសម្រេចលេខ: ៤៣៧/២០២១ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តសៀមរាប។
បញ្ជាក់ថា : ១. ដីកាសម្រេចលេខ : ៤៣៧/២១០២១ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងខេត្ត សៀមរាប បានចូលជាស្ថាពរនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រួចហើយ ។ ២. លិខិតបញ្ជាក់ការចូលជាស្ថាពរនៃដីកាសម្រេចនេះចេញឲ្យសាម៉ីខ្លួនដើម្បីយកទៅប្រើប្រាស់តាមផ្លូវច្បាប់។
យោងតាមប្រភពបានលើកឡើងថា រឿងក្ដី ប្ដឹងផ្ដល់គ្នាទំនាស់ដីធ្លី វាងម្ដាយនិងកូនបង្កើត នេះកើតឡើងតាំងពីឆ្នាំ២០១៩ ដោយភាគីទាំងសងខាងម្ដាយ និងកូន រួមទាំងសាក្សីដឹងឮ បានជួបគ្នាដោះស្រាយ សម្របសម្រួលគ្នា នៅសាលាឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដោយភាគីខាងម្ដាយសុំយកដីពាក់កណ្ដាល ប៉ុន្តែភាគីកូនមិនព្រមក៏ដោះស្រាយមិនចេញ ក៏មានការប្ដឹងផ្ដល់គ្នាដល់តុលាការខេត្តសៀមរាប។ ដីចំណុចមានទំនាស់ខាងលើ ស្ត្រីចុងចម្លើយជាម្ដាយឈ្មោះ លៀស ហាប់ ដែលមានអាសយដ្ឋាននៅ ភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានលក់ដីនោះឱ្យទៅជនទីបីរួចហើយ ទើបជនទីបី ហ៊ានចាក់អាចម៌ដីបំពេញលើដីខាងលើនោះដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។ ទោះជាយ៉ាងណាក្រុមប្រជាពលរដ្ឋដែលឈរតវ៉ា នៅចំណុចខាងលើនោះ បានលើកដៃសំពះសំណូមពរដល់អាជ្ញាធរខេត្តសៀមរាប លោកទៀ សីហា អភិបាលខេត្ត សូមជួយដោះស្រាយរឿងដីខាងលើនេះជូនពួកគាត់ផង ខណៈពួកគាត់លើកស្រែកអះអាងថាដីខាងលើពិតជារបស់ឈ្មោះប៉ែត ហាច ពិតប្រាកដមែន៕SRP