នាយករដ្ឋមន្ត្រីសិង្ហបុរី អរគុណចំពោះកម្ពុជា ក្នុងការចូលរួមចំណែក ដោះស្រាយវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយលោកក៏បានអរគុណចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។

លោក Lee Hsien Loong បានបញ្ជាក់ថា លោកពិតជាមានការគាំទ្រចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។ ពាក់ព័ន្ធទៅនឹងដំណើរការខាងមុខ តើត្រូវធ្វើដូចម្ដេចទៀតនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាផងដែរដើម្បីស្វែងរកដំណោះស្រាយ។

ការថ្លែងអំណរគុណនេះធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ នេះ ក្នុងឱកាស អញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មានការផ្លាស់ប្ដូរមតិជុំវិញស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសសិង្ហបុរី។

សម្ដេចហ៊ុន សែន បានជម្រាបជូនទៅនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា គោលបំណងរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់នេះ និងមួយទៀតទាក់ទងទៅនឹងការផ្ដល់អំណោយមនុស្សធម៌ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។

លោក Lee Hsien Loong ក៏បាន ឯកភាពជាមួយ សម្ដេចតេជោ ថាការងារបន្តគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតជាពិសេសការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះ ត្រូវតែមានការជួយដល់ប្រទេស មីយ៉ាន់ម៉ា ដើម្បីដោះស្រាយ វិបត្តិនយោបាយនេះ៕SRP