ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងភរិយា នៅព្រឹកនេះ បានចាក់វ៉ាក់សាំងដុសជំរុញការការពារជំងឺកូវីដ១៩ រួចហើយ។
សម្ដេចតេជោហ៊ុន សែន បានសរសេរសំណេរនៅលើហ្វេសប៊ុករបស់សម្ដេចថា៖ ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ។
សម្តេចហ៊ុន សែនបន្តថា ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំ នៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។
ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។ សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋានទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕SRP

