ខេត្តកំពង់ចាម៖ក្នុងជំនួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដល់គម្រោងអភិវឌ្ឍនានានៅក្នុងខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ជាង១លាននាក់ កាកសំណល់រឹង និងរាវ ក្នុង១ថ្ងៃជាង១០០តោន ក្នុងនោះពលរដ្ឋមួយចំនួនមិនទាន់មានការភ្ញាក់រលឹក គឺនៅតែចោលសំរាមពាសវាលពាសកាល មិនព្រមទុកដាក់នៅនឹងកន្លែងឲ្យបានត្រឹមត្រូវ ដេីម្បីឲ្យកម្មករធ្វើការប្រមូល ហើយអ្នកខ្លះទៀត ទំលាប់ដុតសំរាមនៅតាមផ្ទះ បណ្តាលឲ្យមានជាតិពុលក្នុងបរិយាកាសទៀតផង ដូច្នេះសូមឲ្យភ្នាក់ងារ USAID សហការជាមួយមន្ទីរបរិស្ថាន ដេីម្បីធ្វើការផ្សព្វផ្សាយឲ្យពួកគាត់ផ្លាស់ប្ដូរផ្នត់គំនិត ហេីយចូលរួមការពារបរិស្ថាន អនាម័យ ជាពិសេសបញ្ហាសំរាមតែម្ដង។
លោកអភិបាលខេត្ត បានលេីកឡេីងថា រវាងUSAID ហើយនឹងរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺយេីងមានគោលបំណងតែមួយ ក្នុងការជួយលេីកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈគម្រោងនានា ការបង្កើតមុខរបរ ការលេីកកម្ពស់សេវាសុខាភិបាល ផ្តល់នូវការអប់រំ បរិស្ថាន ទាំងនេះសុទ្ធសឹងតែជាគោលដៅលេីកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះយើងអាចចាប់ដៃគ្នាបាន ដេីម្បីបន្តសកម្មភាពការងាររបស់យើងតទៅទៀត។
លោកស្រី ណែនស៊ី អ៊ឹសលិក នាយិកាបេសកកម្ម USAID បានយល់ព្រម ចំពោះការស្នើសុំ របស់អភិបាលខេត្តកំពង់ចាម ក្នុងការបន្តអាណត្តិរបស់ខ្លូន ដេីម្បីលេីកកម្ពស់ការងារកសិកម្ម ដែលមានដូចជាការនាំផលិតផលចេញ និងបច្ចេកទេសដាំដុះ រួមនឹងបរិស្ថាន ខណៈកន្លងមក USAID បានផ្ដល់ការគាំទ្រលេីវិស័យសុខាភិបាល និងអប់រំ ក្នុងខេត្តកំពង់ចាម បានយ៉ាងល្អប្រសើរ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា សហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ អនុវត្តកម្មវិធីផ្សេងៗជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ទាំង២៥រាជិនី-ខេត្ត។ ដោយផ្តោតទៅលើ ការពង្រឹងសិទ្ធិមនុស្ស និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាព និងអាហារូបត្ថម្ភ គាំទ្រការអប់រំ និងការអភិវឌ្ឍកុមារ បង្កើនផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង អភិរក្សព្រៃឈើ និងទីជម្រាល ព្រមទាំងជួយកសិករ និងក្រុមគ្រួសារក្នុងការបន្ស៊ាំ និងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិផងដែរ៕SRP

