ការអប់រំមិនបានដិតដល់ ឬបែកបាក់ក្នុងគ្រួសារ ក៏ជាប្រភពឲ្យមានប្រព្រឹត្ត នូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខដែរ

0

ខេត្តកំពង់ចាម​៖ក្នុង​ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូ​ នៅវិទ្យាល័យ​ព្រះសីហនុ​ ក្រុងកំពង់ចាម​​ នៅព្រឹក​មិញនេះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើត​ឲ្យមានការប្រព្រឹត្ត នូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខ​ដែរ។ ដូច្នេះមាតាបិតា អាណាព្យាបាលសិស្ស ត្រូវជួយ គ្រប់គ្រងអប់រំកូនចៅ​ឲ្យស្ថិតនៅក្នុងសាលារៀន ក្នុងលំនៅដ្ឋាន​ ក្នុងរង្វង់នៃការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រដែលត្រឹមត្រូវ​។

ក្នុងឱកាសនោះដែរ​ លោកអភិបាលខេត្ត​ បានថ្លែងថា​ ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀន​ ដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ឪពុក ម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ប៉ុន្តែត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅផងដែរ។​

លោក​ អ៊ុន​ ចាន់ដា​ ក៏បានអំពាវនាវដល់គ្រូបង្រៀន និងអ្នកអប់រំទាំងអស់​ សូមបន្តការអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព​ ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា​ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត​ ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ​។ ​និងសូម​បញ្ជូនកូនចៅដែលគ្រប់អាយុ​ដល់វ័យសិក្សា​ឲ្យ​ចូលរៀនបានគ្រប់ៗគ្នា ហេីយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូនចៅ ឲ្យ​ខិតខំ​សិក្សារៀនសូត្រផង​។

អភិបាលខេត្ត​ ក៏បាន​ក្រេីនរំលឹកដល់​ដល់​លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​ទាំងអស់​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខិតខំ​ការពារ​ខ្លួន​ឲ្យ​ជៀសផុតពីជំងឺ​កូវីដ​-១៩បម្លែង​ថ្មី​ តាម​រយៈ​វិធានការ​ ៣ការពារ​ ៣កុំ​ ហេីយ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ជាពិសេស​ត្រូវ​ចាក់​ដូស​ជំរុញ​ទី​៣​ ផងដែរ​៕SRP