អភិបាលខេត្តកំពង់ចាម ឲ្យបង្កើនការពារខ្លួន និងថែរក្សាអនាម័យ អោយបានជាប្រចាំ

0

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ “ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

លោក អ៊ុន ចាន់ដា បន្តថា​ ពិតមែនតែស្ថានភាព​ជំងឺ​កូវីដ​-១៩​ បានធូរស្រាល​ ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាសប្រគល់ផ្ទះមនុស្សធម៌ទី៧ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះសុខ សុភាព អាយុ៣៦ឆ្នាំ រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។

គួរ​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ សុខ សុភាព ជាជនមានពិការភាព( ស្វិតជើងទាំង២ ពីកំណើត) ទ័លក្រ មានប្រពន្ធ និងកូនស្រី ប្រុស ២នាក់ (អាយុ៦ឆ្នាំ និង៣ឆ្នាំ) ក្នុងបន្ទុក។​ ដោយស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩លាន​ និង៨០ម៉ឺនរៀល​។ ក្នុង​នោះ​ក៏​បានផ្តល់ជូន​នូវអំណោយ​សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ៦០ម៉ឺនរៀល​។ ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១៨នាក់ ក្នុងម្នាក់ៗ ទទួល​បាន​អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលផងដែរ​៕SRP