ប្រាប់មន្ត្រីកសិកម្ម​ ឲ្យត្រៀមសម្ភារទុកជាមុន សម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិខ្វះទឹក​

0

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានប្រាប់មន្ត្រីនៃ​មន្ទីរ​កសិកម្ម​ ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុន សម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេសគ្រោះខ្វះទឹក ដោយត្រូវសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ចាម​ ​នៅរសៀល​ថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២២​។ ​

ក្នុង​កិច្ចប្រជុំ​អភិបាលខេត្ត បានជំរុញ​ដល់​មន្ត្រីជំនាញ ឲ្យ​បន្តចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ​ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឲ្យបានទាន់ពេលវេលា​ និង​អប់រំផ្សព្វផ្សាយពីវិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម​ និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ស្របតាមតំរូវការទីផ្សារ​ ក្រៅពីនោះ​ត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារដើម្បីជួយដល់ប្រជាកសិករ​ ចៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរកសិកម្ម ឲ្យសហការជាមួយមន្ត្រីជំនាញ​ និងអាជ្ញាធរក្រុង-ស្រុក ត្រូវកំណត់ផ្ទៃដីបឹង ដីរដ្ឋរក្សាទុក ហេីយត្រូវបោះបង្គោលព្រំ និងចុះបញ្ជីឲ្យបានត្រឹមត្រូវ​ ព្រមទាំង​ពិនិត្យលទ្ធភាពក្នុងការសិក្សាប្រភេទដីជូនប្រជាពលរដ្ឋ​ ហេីយត្រូវខិតខំបណ្តុះកូនឈើសម្រាប់ដាំ និងចែកចាយជូនប្រជាពលរដ្ឋ​ ដេីម្បីយកទៅដាំនៅតាមលំនៅដ្ឋាន និងផ្លូវសាធារណៈផងដែរ​។

អភិបាលខេត្ត​ ក៏បាន​ជំរុញ​មន្ត្រី​ជំនាញ​ឲ្យ​ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជានេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទឲ្យយល់ជ្រួតជ្រាបពីសារៈប្រយោជន៍នៃការគ្រប់គ្រងធនធានជលផលក្នុងដែននេសាទសហគមន៍​ ហេីយ​ត្រូវចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទពិសេសនៅតំបន់អភិរក្សជលផល​ លេីសពីនេះ​ត្រូវបណ្តុះបណ្តាលបច្ចេកទេសផលិតកូនត្រីពូជ ដល់កសិករថ្មី​ ដែលបានជ្រើសរើស​ និង​បន្តចុះផ្សព្វផ្សាយដល់វារីវប្បករទូទៅ ស្តីពីការគ្រប់គ្រងការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ​ ដេីម្បី​លេីកស្ទួយដល់ការនាំចេញ៕SRP