ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពល ដោយវិស័យកសិកម្ម មានការរីកចម្រើន មិនត្រឹមតែផ្គត់ផ្គង់ក្នុងប្រទេសទេ គឺមានលទ្ធភាពសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។
ការលើកឡើងយ៉ាងដូច្នេះក្នុងឱកាសជួបសំដែងការគួរសម របស់លោក SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តនឹងរង់ចាំស្វាគមន៍ជានិច្ចចំពោះ អ្នកវិនិយោគទុនឥណ្តូនេស៊ី ដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្ម ឬអាជីវកម្មអ្វីមួយ ដែលជាការផ្តល់ផលប្រយោជន៍ល្អឲ្យគ្នាទៅវិញទៅមក ព្រោះថាការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា ឥណ្ឌូណេស៊ី មិនមែនបានកេីតមានឡេីងត្រឹមពេលនេះនោះទេ គឺតាំងពីមុនឆ្នាំ៩៣មកម្ល៉េះ គ្រាដែលអ៊ុនតាក់មានវត្តមាននៅកម្ពុជា ក្នុងនោះកងរក្សាសន្តិភាពឥណ្ឌូណេស៊ី ក៏មានវត្តមាននៅកម្ពុជាផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងនោះក៏មានសាសនាឥស្លាម និងសាសនាផ្សេងៗទៀតដែរ ប៉ុន្តែកម្ពុជាមិនដែលមានជម្លោះរឿងសាសនាទេ។ ជាក់ស្ដែងកាលពីពេលកន្លងមកនេះ ជនជាតិឥណ្ឌូណេស៊ី ៨នាក់ បានមកស្រុកកងមាស ដេីម្បីផ្សព្វផ្សាយកិច្ចការសាសនា ទាំងខ្លួនមានផ្ទុកជំងឺកូវីដ-១៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យធ្វើការព្យាបាលដោយមិនយកប្រាក់កម្រៃទៀតផង។
លោក SUDIRMAN HASENG ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលេីកឡេីងថា ថ្នាក់ដឹកនាំទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតី ឥណ្ឌូណេស៊ី លោកតែងតែធ្វើការពិភាក្សាគ្នា ទៅវិញទៅមកទាំងក្នុងនិងក្រៅប្រទេស ដោយបានលេីកឡេីងថា ប្រទេសយើងទាំងពីរ គឺគ្មានបញ្ហានយោបាយដែលធ្វើឲ្យល្អក់កករគ្នាទេ ដែលបច្ចុប្បន្ននេះយើងរក្សាបាននូវការទំនាក់ទំនងល្អ វិស័យពាណិជ្ជកម្ម ការបណ្តាក់ទុន ក៏ដូចជាវិស័យទេសចរណ៍ ផ្សេងៗទៀត បានយ៉ាងល្អប្រសើរ ក្នុងនោះក៏បានលេីកស្ទួយដល់វិស័យអប់រំផងដែរ៕SRP

