ខេត្តកំពង់ចាម៖លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកស្រី នៅព្រឹកមិញនេះ បានអញ្ជើញចុះពិនិត្យការសាងសង់ ផ្លូវបេតុង១ខ្សែ ប្រវែង២.១៥៨ម៉ែត្រ ស្ថិតនៅក្នុងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
លោក ហ៊ុន ណេង មានប្រសាសន៍ថា ក្រោមការដឹកនាំ របស់សម្ដេតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ជាអាទិភាព ៖ មនុស្ស ទឹក ភ្លើង និងផ្លូវ ។ «មានផ្លូវ គឺមានសង្ឃឹម» ។ យ៉ាងណាមិញ ដោយពិនិត្យ ឃើញការលំបាក និងឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ លោកផ្ទាល់ ក៏បានដឹកនាំក្រុមការងារ សម្រេចកសាងផ្លូវ ១ខ្សែ នេះឡើង ដើម្បី សម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅអមសង្ខាងផ្លូវ ដែលបានសហការគ្នាល្អ ហើយបានចូលរួមសម្បទានដីកម្មសិទ្ធរបស់ខ្លួន តាមស្ថានភាពជាក់ស្ដែង ធ្វើយ៉ាងណា ឲ្យកិច្ចដំណើរការសាងសង់ផ្លូវ ១ខ្សែនេះ បានរលូនទៅមុខ ដើម្បីយើងទាំងអស់គ្នា ទទួលបានសមិទ្ធផល ទុកប្រើប្រាស់ទាំងអស់គ្នា។
លោក ហ៊ុន ណេង ក៏បានផ្ដាំផ្ញើដល់ក្រុមជាង យកចិត្តទុកដាក់ខ្ពស់ ចំពោះ កិច្ចការរបស់ខ្លួន ដោយធ្វើយ៉ាងណា អនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បី ធានាដល់ការប្រើប្រាស់បានយូរអង្វែង៕SRP

