ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី មិនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះទេ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមរយៈទំព័រផេកហ្វេសប៊ុកបានសរសេរថា «ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ!»។
ការសរសេរបង្ហោះសាររបស់ លោកឃឹម ហ្វីណង់ ធ្វើឡើងបន្ទាប់ពីគេហទំព័រសៀមរាបប៉ុស្ដិ៍ បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ ដែលមានចំណង់ជើងថា«លោកយឹម ហ្វីណង់ ទឹង ជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ នៅមុខសាលាគ្រួស» ។ ក្នុងន័យនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានខមិនចូលផេកហ្វេសប៊ុកសៀមរាបប៉ុស្ដិ៍ថា «ខ្ញុំគិតថាបងទទួលព័ត៌មានខុសហើយ មិនមានឈ្មោះហ្វីណង់ទេ ហើយអ្នកបើកពិតប្រាកដឈ្មោះធឹង មិនមែនទឹងទេ។ តែខ្ញុំគិតថាជាកំហុសអចេតនាប្រហែលដោយទទួលបានព័ត៌មានខុសទេ មិនអីទេបង គ្រាន់តែធ្វើឱ្យមិត្តភ័ក្តក្រុមគ្រួសារភ្ញាក់ផ្អើលបន្តិចតែប៉ុណ្ណោះ»។
សូមបញ្ជាក់របាយការណ៍របស់ការិយាល័យចរាចរណ៍បានបង្ហាញថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
របាយការណ៍បន្តថាករណីគ្រោះថ្នាក់ចរាចណ៍នេះ រវៀងរថយន្តម៉ាក (Starx) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (សៀមរាប2B 8434 ) បើកបរ ដោយឈ្មោះ វិន ឡូន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិចជិះក្នុងរថយន្តចំនួន៦នាក់ របួស ស្រាលទាំងអស់ (ជនជាតិបរទេស៥នាក់រួមដំណើរ) បានបុកជាមួយរថយន្ត (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(សៀមរាប 2B4250) បើកបរដោយឈ្មោះយឹម ហ្វីណង់ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើងជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើរធ្ងន់១នាក់ និងស្រាល១នាក់។បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុរថយន្តស្តារិចល្បឿនលឿន។ ចំណែករថយន្តព្រូសឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

