ខេត្តកំពង់ចាម ណែនាំឲ្យផ្ទាំងយីហោ ផ្សាយពាណិជ្ជកម្ម ត្រូវប្រើអក្សរជាតិនៅខាងលើទំហំធំជាងអក្សរបរទេសពីរដង

ខេត្តកំពង់ចាម៖ក្រុមការងារត្រួតពិនិត្យការដាក់តាំងផ្ទាំងផ្សព្វផ្សាយផ្សេងៗខេត្តកំពង់ចាម នៅ

រសៀលថ្ងៃទី៨ ខែធ្នូ ម្ម្សិលមិញ បានចុះត្រួតពិនិត្យ និងណែនាំដល់មូលដ្ឋានអាជីវកម្មក្នុងក្រុងកំពង់ចាម ក្នុងគោលបំណងត្រួតពិនិត្យ របៀបសរសេរអក្សរលើផ្ទាំងយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងផ្ទាំងសញ្ញាផ្សេងៗ។

ក្រុមការបានឲ្យដឹងថាការចុះត្រួតពិនិត្យដោយឲ្យអាជីវកម្មនានា ត្រូវគោរពតាមគោលការណ៍ដែលមានចែងក្នុងប្រកាសឲ្យបានត្រឹមត្រូវ ដោយត្រូវប្រើអក្សរជាតិ នៅខាងលើទំហំធំជាងអក្សរបរទេសពីរដង។ ចំណែកអក្ខរាវិរុទ្ធត្រូវគោរពតាមក្បួនវេយ្យាករណ៍​ និងវេចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជព្រះមហា សុមេធាធិបតីជោតញ្ញាណោ ជួន ណាត រីឯគំនូររូបភាពដែលភ្ជាប់ជាមួយផ្ទាំងត្រូវរក្សាឲ្យមានសោភណ្ឌភាព និងលក្ខណៈថ្លៃថ្នូររបស់ជាតិផងដែរ។ 

ជាមួយគ្នានោះ​ក្រុម​ការងារ​ក៏បានជំរុញលើការលើកស្លាកអាជីវកម្ម ឲ្យបានត្រឹមត្រូវ តាមការកំណត់ ព្រមទាំងជំរុញឲ្យអាជីវកម្ម ដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋផ្សេងៗ​។  

ក្រុមការងារបានបញ្ជាក់ថាជាលទ្ធផល បានចុះពិនិត្យអាជីវកម្មចំនួន៥ទីតាំង ដែលបានលើកស្លាកជាភាសាបរទេស ដោយបានពន្យល់ណែនាំអំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមឡើងវិញ​ផងដែរ​៕SRP