ខេត្តកំពង់ចាម៖ចាស់ជរាគ្មានទីពឹងប្រមាណជា ៥៥០នាក់ នៅក្នុងក្រងកំពង់ចាម ទទួលបានអាវរងារ និងស្បៀងអាហារ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ពិធីសំណេះសំណាល និងចែកអំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងថា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង អាកាសធាតុចុះត្រជាក់ជាបន្តបន្ទាប់នោះ សម្តេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភជាខ្លាំងចំពោះសុខភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកយាយ លោកតា ដែលមានវ័យចំណាស់ ងាយរងនឹងជំងឺផ្សេងៗ ដូច្នេះអាជ្ញាធរ រួមនឹងសប្បុរសជន បាននាំយកអំណោយរបស់សម្តេច មកចែកជូនលោកយាយ លោកតា ក្នុងឱកាសនេះ។
លោកអភិបាលខេត្ត បានថ្លែងបន្តទៀតថា មិនចំពោះតែអាកាសធាតុរងារ ក្តៅ គ្រោះរាំងស្ងួត ឬពលរដ្ឋយើងជួបគ្រោះបញ្ហាផ្សេងៗនោះទេ សម្តេចតេជោ ហ៊ុន សែន តែងតែ ណែនាំដល់អាជ្ញាធរ ឲ្យខិតខំយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងជួយអន្តរាគមន៍ទាន់ពេលវេលា ជាក់ស្ដែងក្នុងបរិបទកូវីដ-១៩ រយៈពេល១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក៏បានបង្កើតកម្មវិធី គាំពារសង្គមផ្តល់ជូនជាសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ក្នុងនោះសម្រាប់ខេត្តកំពង់ចាម មានជាង៤ម៉ឺន ៧ពាន់គ្រួសារ ដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល ប្រមាណជា ៣២លាន់ដុល្លារអាមេរិកហើយរហូតមកទល់នឹងពេលនេះ ហើយក្នុងនោះក៏មានការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ ធ្វេីចត្តាឡីស័ក ព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ផងដែរ ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យខិតខំយកចិត្តទុកដាក់ថែទាំសុខភាព គឺត្រូវរស់នៅប្រកបដោយអនាម័យ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និងអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ផងដែរ។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ជូនចាស់ជរាគ្មានទីពឹង ទាំង៥៥០នាក់ ក្នុងម្នាក់ៗទទួលបាន អាវរងារ ចំនួន១អាវ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕SRP

