ផ្ទុះការរិះគន់ថា «សណ្ឋាគារស្ទឹងសៀមរាប» វាយរបង វត្តព្រះព្រហ្មរ័ត្ន ដើម្បីដាក់ម៉ាស៊ីនភ្លើង

0

ខេត្តសៀមរាប៖ផ្ទុះការរិះគន់ថា «សណ្ឋាគារស្ទឹងសៀមរាប» វាយរបង វត្តព្រះព្រហ្មរ័ត្ន ដើម្បីដាក់ម៉ាស៊ីនភ្លើង ធ្វើឲ្យប៉ះពាល់ដល់ការសមាធិរបស់ព្រះសង្ឃនិងឧបាសក ឧបាសិកា។

ព្រះចៅគ្រូអធិការវត្តព្រះព្រហ្មរ័ត្ន ព្រះតេជគុណព្រះនាម តង់ តន បានមានសង្ឃដីកាប្រាប់សារព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ព្រះអង្គមិនថាអីទេ តែគណៈកម្មការវត្តនិងឧបាសក ឧបាសិកាចំណុះជើងវត្ត ស្នើសុំម្ចាស់សណ្ឋាគារស្ទឹងសៀមរាប មេត្តាជួយធ្វើរបងនោះឡើងវិញនិងជួយយកម៉ាស៊ីនភ្លើងចេញពីក្នុងវត្តវិញផងដែរ។

ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប លោក វណ្ណា ប៊ុនណា មិនអាចទាក់ទងដើម្បីបំភ្លឺបាននៅឡើយទេ ជុំវិញករណីនេះ។

សូមជម្រាបថា សណ្ឋាគារស្ទឹងសៀមរាប មានទីតាំងស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាប់របងវត្តព្រះព្រហ្មរ័ត្ន។

ករណីនេះប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរមន្ទីរពាក់ព័ន្ធនឹងមានវិធានការចំពោះម្ចាស់សណ្ឋាគារខាងលើ ជាក់ជាពុំខាន។

ពាក់ព័ន្ធទៅនឹងការលើកឡើងបែបនេះ អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីខាង«សណ្ឋាគារស្ទឹងសៀមរាប» នៅឡើយទេដោយពុំមានលេខទំនាក់ទំនង៕SRP