ខេត្តកណ្តាល៖សម្ដេច សខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងពិនិត្យលទ្ធភាព ដើម្បីបង្កើតច្រកចេញចូលតែមួយបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា បើករណីច្រកចេញចូលតែមួយនេះ បម្រើពលរដ្ឋមិនបានល្អ នៅមានការិយាល័យទទួលពាក្យបណ្តឹង ឬការិយាល័យប្រជាពលរដ្ឋ មួយទៀត ដែលទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក្នុងករណីការិយាល័យច្រកចេញចូលតែមួយនេះមិនអាចឆ្លើយតបនិងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។
សម្តេចស ខេង បានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍ មកដល់ពេលនេះ ការិយាល័យច្រកចេញចូលតែមួយ មាននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងបាត់ដំបង ត្រូវបានដាក់គ្រប់ស្រុកទាំងអស់រួចរាល់ហើយ សម្ដេចស ខេង បានមានថ្លែងថា ទាក់ទងនឹងការបង្កើតច្រកចេញចូលតែមួយនេះ គោលបំណងធំបំផុត គឺដើម្បីឆ្លើយតបតាមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបង្កលក្ខណៈងាយស្រួល ដោយមិនប្រើរយៈពេលយូរក្នុងការទទួលបាននូវព័ត៌មានរហ័ស ការផ្តល់សេវារដ្ឋបាលរហ័ស និងមានតម្លាភាព។
សម្ដេចស ខេង មានប្រសាសន៍បែបនេះ នៅក្នុងឱកាស អញ្ជើញដឹកនាំគណៈប្រតិភូនៃស្ថានទូតអាល្លឺម៉ង់ និងអូស្រ្តាលី ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកមិញនេះ៕SRP

