ខេត្តសៀមរាប៖ក្រុមចោរប្លន់ប្រុសស្រីចំនួន៨នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
ក្នុងនោះមនុស្ស៣នាក់ចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកាម្សិលមិញ នៅស្រុកសូនិគមខេត្តសៀមរាប។ ចំណែក៥នាក់ទៀតចាប់ខ្លួននៅខេត្តបាត់ដំបងនិងខេត្តសៀមរាបកាលពីថ្ងៃទី ១០ខែវិច្ឆិកានេះ។
លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីអំពើលួចមានស្ថានមានស្ថានទម្ងន់ទោស ( ប្រើហិង្សា ) កាប់នឹងកាំបិតប្លន់យកម៉ូតូ២គ្រឿងនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០នាទីទៀបភ្លឺ ស្ថិតនៅផ្លូវ៦០ ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប។
លោកសុខ ម៉េងអ៊ាង បន្តថាប្រតិបត្តិការបង្ក្រាបនេះ ដោយឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់ ០៣ខេត្ត គឺខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង សៀមរាប។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ០២គ្រឿង(បាន ប្រគល់ជូនជនរងគ្រោះវិញ )និងវត្ថុតាង កាំបិត០១ ដែលធ្វើកម្មភាពកាប់ជនរងគ្រោះ។ បច្ចុប្បន្នមនុស្សទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាម នីតិវិធី។
សូមបញ្ជាក់ថាលទ្ធផលទទួលបានជោគជ័យក្នុងការបង្ក្រាបក្រុមចោរប្លន់នេះ ដោយមានការចង្អុរបង្ហាញពីលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី លោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា រួមទាំងលោកស្រី លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដឹកនាំកម្លាំងដោយ លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដាក់ចេញនូវសកម្មភាពប្រតិបត្តិការ របស់លោក ភឹង ចិន្តារ៉េត និង លោកណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់៕SRP

