ខេត្តកំពង់ចាម៖ករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាពខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត។
បេីតាមចម្លើយបឋម ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ និងសម្លាប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវហើយជិះឡានត្រឡប់មកស្រុកវិញ។
ប្រភពបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅពីវេលាម៉ោង២នឹង១៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជីនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី នគរបាលចំការអណ្តូង ទទួលព័ត៌មានពីឈ្មោះពលរដ្ឋបានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់(ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់។
នគរបាលបានបន្តថា ករណីនេះ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសាកសពគឺ ពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ និងសម្ភារៈមួយចំនួនផងដែរ។ ទោះជាយ៉ាងណាសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

