រដ្ឋសភាកំណត់យក ថ្ងៃទី២៥ ខែវិច្ឆិកា បោះឆ្នោតជ្រើសតំាង អនុប្រធានទី១

0

ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះបានដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រជុំដោយបានអនុម័តរបៀបវារៈមួយចំនួន នៅក្នុងអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយមានរបៀបវារៈចំនួន៦​ ដូចខាងក្រោម៖

១-​ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់​ ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។

២- ការបោះឆ្នោតជ្រើសតំាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា​។

៣-​ ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង ឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ 

៤-​ ការពិភាក្សានិងអនុម័ត​ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ 

៥-​ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

៦-​ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕SRP