រដ្ឋមន្ត្រីពីររូប ចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ

0

ខេត្តសៀមរាប៖លោកម៉ម ប៊ុនហេង និងលោកថោង ខុន បានចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងការត្រៀមរៀបចំលក្ខណៈសម្បត្តិទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ.១៩ ពេញលេញឡើងវិញ។

ក្នុងឱកាសចុះពិនិត្យនៅថ្ងៃម្សិលមិញរដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិសៀមរាបរួមមាន៖

១- សម្រាប់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។

២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិនិងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ។

សូមជម្រាបថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅក្នុងកិច្ចប្រជុំមួយក្នុងខេត្តសៀមរាប លោកថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានប្រកាស​ថា អាចនឹងបេីកជេីងហោះហេីរអន្តរជាតិសៀមរាប​ ចាប់ពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២២ខាងមុខនេះ៕SRP