ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យលទ្ធភាពដើម្បីត្រៀមស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្នែកកសិកម្មរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងរងការខូចខាតដោយសារទឹកជំនន់ផងដែរ។
លោកបានបន្តទៀតថា បើទោះបីជាឥឡូវនេះស្ថានភាពទឹកចាប់ផ្ដើមស្រកក្ដី ក៏មិនត្រូវធ្វេងប្រហែសឡើយ ពោលគឺមន្រ្ដីដែលទទួលបន្ទុកឃ្លាំមើលទ្វារទំនប់ទប់ទឹក ត្រូវពិនិត្យមើលស្ថានភាពអាកាសធាតុ ឲ្យបានម៉ត់ចត់ ព្រោះយើងមិនអាចមើលឃើញ ឬទាយដឹងមុនទេថា ពេលណាមានភ្លៀងធ្លាក់ចូលទៀត ពេលណារាំងភ្លៀងទេ ដូចនេះយើងត្រូវតាមដានឲ្យបានជាប់ជាប្រចាំ។
ក្នុងឱកាសនោះផងដែរ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលការចាក់វ៉ាក់សាំង និងអ្នកដែលបានចាក់បាន២ដូសរួចមកហើយនោះ គឺត្រៀមលក្ខណៈក្នុងការទទួលការចាក់វ៉ាក់សាំងដុសជំរុញ ដែលជាដុសទី៣ ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជំងឺកូវីដ-១៩។
លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចស ខេង និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន៩៨គ្រួសារ ក្នុងស្រុករុក្ខគិរី នៅថ្ងៃអង្គារ ទី ១៦ ខែវិច្ឆិកានេះ។
លោក សុខ លូ បានមានប្រសាន៍ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប់ជានិច្ច ជាក់ស្ដែងក្រោយពីទទួលបានដំណឹងពីការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរីរួចមក សម្ដេចក៏បានណែនាំរដ្ឋបាលខេត្តបាត់ដំបង ក្នុងការនាំយកអំណោយសង្រ្គោះបឋម ចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ជាបន្ទាន់ ដើម្បីធ្វើការសម្រួល ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ។
សូមជម្រាបថា អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារៗ ទទួលបាននូវ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យូរ និង ត្រីខ១យួរ៕SRP

