សម្តេចហ៊ុន សែន ផ្តល់ថវិកាជាង$៣លានបន្ថែម សម្រាប់សាងសង់ចំណតរថយន្តនិង តភ្ជាប់បណ្តាញលូ នៅក្រុងសៀមរាប ដោយឥតគិតថ្លៃ

0

ខេត្តសៀមរាប៖សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងបានជួបបញ្ហាមួយចំនួន ដូចជាការឱ្យប្រជាពលរដ្ឋ ស្នើសុំភ្ជាប់ប្រព័ន្ធលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរបស់រដ្ឋ ដោយប្រជាពលរដ្ឋ ត្រូវបង់ប្រាក់ និងបញ្ហាមួយទៀត គឺចំណតរថយន្ត។ ប៉ុន្តែបញ្ហាទាំងនេះ ឥឡូវត្រូវបានដោះស្រាយរួចរាល់ហើយ។ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចផ្តល់ថវិកាចំនួនជាង៣លាន៨សែនដុល្លាអាមេរិក សម្រាប់សាងសង់ចំណតរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានប្រវែងជាង២០០០ម៉ែត្រ និងតភ្ជាប់បណ្តាញលូ ទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះចូលក្នុងបណ្តាញរដ្ឋ ដែលមានប្រមាណជាង១២០០០តំណរ ដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ដែលនេះ ជាចំណងដៃថ្មីមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។

សម្ដេចទៀ បាញ់ បានថ្លែងបន្តថា ឥឡូវនេះ ផ្លូវទាំង៣៨ខ្សែបានស្អាតជាបន្តបន្ទាប់ ឯនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបក៏ចាប់ផ្តើមមានសោភ័ណភាពស្អាតជាបណ្តើៗហើយ។ សូមប្រជាពលរដ្ឋ រួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះ ឱ្យបានគង់វង្ស ជាពិសេសត្រូវចូលរួមសម្អាត នៅតាមមុខផ្ទះរាងៗខ្លួនឱ្យបានស្អាត ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងបរទេស។

បើតាមសម្ដេច ទៀ បាញ់ ថាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប រហូតមកដល់ពេលនេះ សម្រេចបាន៩០%ហើយ នៅ១០%ទៀតនឹងធ្វើឱ្យរួចរាល់ត្រឹមថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ ហើយគ្រប់ផ្លូវទាំងអស់ត្រូវតែរៀបចំឱ្យស្អាតមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ។

សូមជម្រាបថាការសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាពបរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។ ហើយនៅដើមឆ្នាំ២០២២ខាងមុខនេះ បើតាមផែនការរបស់រដ្ឋាភិបាលគឺនិងបើកឱ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួមមកកម្សាន្ត នៅខេត្តសៀមរាប ហើយសមិទ្ធផលថ្មីៗទាំងនេះ និងធ្វើឱ្យភ្ញៀវទេសចរមានការពេញចិត្តមកម្តងហើយចង់មកម្តងទៀត៕SRP