ខេត្តកំពង់ចាម៖លោក សុខ ស្រ៊ុន ត្រូវផ្ទេរឲ្យទៅបម្រើការងារនៅក្រសួងសាធារណការនិងដឹកជញ្ជូន ចំណែកលោក សុខ លឹមហៀង ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខខេត្តកំពង់ចាមជំនួស។ ពិធីផ្លាស់ប្ដូរធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការដឹកជញ្ជូនថ្មី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំ កុំធ្វើជាតួឯក គឺត្រូវបង្រៀនមន្ត្រីក្រោមឱវាទឲ្យចេះធ្វើការរួមគ្នា ដែលចាំបាច់បំផុតនោះ គឺត្រូវកសាងផែនការ ដេីម្បីរកធនធានថវិកា មកធ្វេីការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ វិស័យផ្លូវថ្នល់ និងស្លាកសញ្ញាចរាចរណ៍ជាដេីម ក្រៅពីនោះគឺត្រូវរៀនសូត្រ តាមរយៈការដកបទពិសោធន៍ ពីមន្ទីរផ្សេងៗ ដែលមានការរីកចម្រើន ហេីយយកមកអនុវត្តសំដៅធ្វើយ៉ាងណាឲ្យមានការរីកចម្រើន ក្នុងនោះត្រូវខិតខំកសាងស្នាដៃជាគំរូ បន្សល់ទុកទៅជំនាន់ក្រោយៗផង លេីសពីនោះគឺត្រូវខិតខំបន្តទៀត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងការជឿទុកចិត្ត ដូចជាការផ្តល់ប័ណ្ណបើកបរ និងស្លាកលេខយានយន្តគ្រប់ប្រភេទជាដេីម។
លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំដល់លោកប្រធានមន្ទីរសាធារណការថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ សំដៅបន្តការផ្ដល់សេវាសាធារណៈ សេវាតម្រូវការគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងមានតម្លាភាព ធានាទប់ស្កាត់ឲ្យបាននូវយានយន្តផ្ទុកលើសទម្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើដងផ្លូវឲ្យមានប្រសិទ្ធភាពផងដែរ៕SRP

