ខេត្តកំពង់ចាម៖រាជរដ្ឋាភិបាលបានបន្ថយថវិកាសម្រាប់ឧបត្ថម្ភគ្រួសារស្លាប់ដោយសារជំងឺកូវីដ១៩។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីផែនការណែនាំ អំពីគោលការណ៍ នៃការបែងចែកថវិកា សម្រាប់អ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម នៅព្រឹកមិញនេះ ថា ផ្អែកតាមគោលការណ៍ណែនាំថ្មី របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់សិទ្ធិ ទៅឃុំសង្កាត់នីមួយៗ ដើម្បីបែងចែកថវិកាទៅគ្រួសារ ដែលបានស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុង១គ្រួសារសព ទទួលបានថវិកាចំនួន២លានរៀល។ ដូច្នេះបន្ទាប់ពីក្រុងស្រុក នីមួយៗ ទទួលបានថវិកានេះទៅ ត្រូវណែនាំដល់ឃុំ សង្កាត់ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋប្រសិនបើ ពួកគាត់លើកឡើងជាសំណួរផ្សេងៗ ជុំវិញកញ្ចប់ថវិកានេះ ពីព្រោះថា កន្លងទៅរដ្ឋាភិបាល បានកំណត់ថា សពអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ មួយសព ផ្ដល់ជូនថវិកា ចំនួន ៥លានរៀល ក៏ប៉ុន្តែ ផ្អែកតាមការងារចំណាយផ្សេងៗ ដោយរាប់ទាំង៖ ការសម្រាកព្យាបាល ថ្នាំសង្កូវ និងការបូជាសព…។ល។ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ជូន ១សពថវិកាចំនួន២លារៀលវិញ។
បើតាមលោក អ៊ុន ចាន់ដា សពដែលត្រូវផ្ដល់ថវិកាជូននោះ គឺរាជរដ្ឋាភិបាល បានកំណត់អ្នកស្លាប់ រាប់គិតចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន នេះ តែប៉ុណ្ណោះ។ ចំពោះ អ្នកស្លាប់មុននេះ រដ្ឋាភិបាលពុំមានគោលការណ៍ដោះស្រាយកញ្ចប់ថវិកានោះឡើយ។ ដោយឡែកនៅខេត្តកំពង់ចាមក៏មានអ្នកជម្ងឺកូវីដ មកសម្រាកព្យាបាល ហើយបានស្លាប់នៅមន្ទីរពេទ្យផងដែរ។ ដូច្នេះកិច្ចការនេះរដ្ឋបាលខេត្តកំពង់ចាម នឹងអញ្ជើញគ្រួសារសពទាំងនោះ មកទទួលថវិកាដោយផ្ទាល់ដៃ នៅសាលាខេត្តតែម្ដង៕SRP

