ស្ត្រីមេម៉ាយកូនច្រើន នៅខេត្តកំពង់ចាម​ រងគ្រោះដោយអគ្គីភ័យ ទទួលបានផ្ទះថ្មី១ខ្នង​

0

ខេត្តកំពង់ចាម​៖ស្រ្តីមេម៉ាយ​ទីទ័លលំបាក​ ឈ្មោះ សន វី អាយុ​៣៦ឆ្នាំ​ មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក បន្ទាប់ពី​រងគ្រោះដោយ​អគ្គីភ័យ​ នៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានផ្ទះ ១ខ្នងពីកាកបាទក្រហមខេត្តកំពង់ចាម។

ការដែលបានទទួល នៅថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ ម្សិលមិញ ក្រោមវត្តមានលោកហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទកម្ពុជាខេត្ត និងលោកអ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម។

អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ ជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន៖ អង្ករ ៥០kg, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់, អាវយឺត ១៦,​ សម្ភារផ្ទះបាយ​ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះ ចំនួន​ ២៧មុខ ព្រមទាំងថវិកា ២០០.០០០រៀល។ ក្នុងនោះដែរលោក ហ៊ុន ណេង ក៏បានឧបត្ថម្ភបន្ថែមចំនួន ២លានរៀលផងដែរ។​ ដោយឡែកលោកយាយ​ លោកតា​ ចំនួន​ ២០នាក់​ ដែលអញ្ជេីញចូលរួម ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ​ ក្នុងម្នាក់ៗទទួលបាន​ ៖ អង្ករ ២៥kg, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង​ ភួយ​ សារុង​ ក្រមា​ )​ ១កញ្ចប់,​ អាវយឺត ៤ , ម៉ាស៥បន្ទះ និងថវិកា ២០.០០០រៀល​។

គួរបញ្ជាក់ថា​ ផ្ទះថ្មី​ ១ខ្នងនេះ​ ត្រូវចំណាយអស់ថវិកា ៨.៦៥០ដុល្លារ​អាមេរិក​ សង់ពីឈេីខ្ពស់ផុតពីដី​ ២ម៉ែត្រ​ មានទំហំ ៥មx៧ម​ និងមានផ្ទះបាយជាប់ខាងក្រោយ​ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្មាបត រនាបឬស្សី មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ​ (Solar) អាចប្រេីទូរទស្សន៍១​កង្ហារ​១​និងអំពូល៥ផងដែរ​៕SRP