លោកអ៊ុន​ ចាន់ដា​ ចុះពិនិត្យការរៀបចំដំឡើង ម៉ាស៊ីនផលិតអុកស៊ីសែន​ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹក​មិញនេះ​ បានចុះពិនិត្យការរៀបចំដំឡើង ម៉ាស៊ីនផលិតអុកស៊ីសែន​ ដែលជាអំណោយរបស់លោកហ៊ុន ម៉ាណែត និងលោកជំទាវ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

លោកអ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់ក្រុម​ការងារ​បច្ចេកទេស ដែលកំពុងដំឡើងម៉ាស៊ីនផលិតអុកស៊ីសែននេះ ធ្វើយ៉ាងណា​ឲ្យ​បាន​ឆាប់​រួចរាល់ ដើម្បីចាប់ផ្តើមដំណើរការផលិត អុកស៊ីសែនបម្រើឲ្យការព្យាបាលជំងឹកូវីដ នៅក្នុងខេត្តកំពង់ចាម។

អភិបាលខេត្ត បានបញ្ជាក់ថា​ បន្ទាប់​ពពីដំឡើង​ម៉ាស៊ីន​នេះ​រួច​ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯងហើយ គឺលែងទៅទិញ និងដឹកជញ្ជូននពីភ្នំពេញដែលជាមធ្យមក្នុងមួយថ្ងៃប្រមាណ ៣០០ បំពង់។ ព្រោះ​ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពផលិតអុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់​ឯណោះ​​។

លោក យិន ស៊ី​ណាត ប្រធាន​ប​ន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មន្ទីរពេទ្យ​ខេត្ត​ បានរៀបចំ​ផ្នែក​មន្ទីរពិសោធន៍​មួយ​ដើម្បី​ពិនិត្យ​សំណាក​វិភាគ​មេរោគ​កូ​វីដ-​១៩ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កម្រិត​មធ្យម អាច​ពិនិត្យ​បាន​មួយថ្ងៃ ចំនួន ១០០ ករណី។ បច្ចុប្បន្ន​កំពុងធ្វើការ​សាកល្បង ដែលការ​លទ្ធផល​ទាំងអស់ ត្រូវបាន​យកទៅ​ផ្ទៀងផ្ទាត់ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​វិទ្យាស្ថាន​សុខភាព​សាធារណៈ មួយរយៈ​សិន រហូត​មាន​លទ្ធផល​ដូចគ្នា ទើប​មន្ទីរពិសោធន៍​ខេត្តកំពង់ចាម នឹងមាន​លទ្ធភាព ចេញ​លទ្ធផល​ដោយផ្ទាល់​តែម្ដង អំពី​វី​រូស​ជំងឺ​កូ​វីដ៕SRP