ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានប្រាប់ដល់ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ ឲ្យខិតខំអភិវឌ្ឍន៍ចំណេះដឹងបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។
ការលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ ចូលជួបសំដែងការគួរសម នាព្រឹកមិញនៅសាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងថា ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ ដែលបានបង្កើតឡើងនេះ គឺធ្វើកិច្ចការផ្តោតទៅលើវិស័យអប់រំ, សុខាភិបាល និងសហគ្រិន។ ក្នុងវិស័យទាំង ៣នេះដែរ អភិបាលខេត្ត មានចំណាប់អារម្មណ៍ខ្លាំងទៅលើវិស័យសហគ្រិន ដោយហេតុថា ការបង្កើតឲ្យមានសហគ្រិនភាព គឺជាការផ្ដល់ឱកាស ដល់យុវជនរបស់យើង ក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចក្នុងសហគមន៍ ដោយមិនប្រកាន់និន្នាការនយោបាយ។ ដូច្នេះហើយយុវជនរបស់យើង ចាំបាច់ត្រូវសិក្សាស្វែងយល់បន្ថែមទៀត ពីបណ្ដាសហគមន៍ផ្សេងៗ ក៏ដូចជាសមាគមចលនាយុវជនដូចគ្នា ដើម្បីដុសខាត់ខ្លួនឲ្យមានការរីកចម្រើន នូវចំណេះដឹង បង្កើនភាពខ្លាំងនៅក្នុងសហគមន៍ និងឈានទៅប្រកួតប្រជែងថ្នាក់ជាតិ ជាមួយក្រុមយុវជន នៃបណ្ដាខេត្តផ្សេងៗទៀតនាពេលឆាប់ៗខាងមុខផងដែ៕SRP