លោកអ៊ុន​ ចាន់ដា​ ណែនាំដល់គ្រូនិង​សិស្ស​ទាំងអស់ ឲ្យ​​យកចិត្តទុកដាក់ អំពី​បញ្ហា​សុខភាព​

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ទាំងអស់ ឲ្យ​​មានការយកចិត្តទុកដាក់ខ្ពស់​អំពី​បញ្ហា​សុខភាព​ គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ការពារ​ ៣​កុំ ជាពិសេសត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀងៗ​ខ្លួន។ ក្នុង​ករណី​បេី​មាន​អាកា​រះ​មិន​ស្រួល ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​ឲ្យលោកគ្រូ អ្នកគ្រូ ដើម្បី​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​​កូ​វីដ-​១៩ ហើយ​ធ្វេីការ​ព្យាបាល​ឲ្យ​បានទាន់​ពេល​វេលា​ ដេីម្បី​ទប់ស្កាត់​កុំឲ្យ​​ឆ្លង​រាលរីកដាល​ទៅ​អ្នក​ដទៃទៀត។​

លោកថ្លែងណែនាំយ៉ាងដូច្នេះ នៅថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះក្នុងឱកាសអញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​ចូលរៀន​វិញ របស់សិស្សានុសិស្ស​ នៅវិទ្យាល័យ​បឹង​កុក និង​វិទ្យាល័យ​ដីដុះ​ ក្រុងកំពង់ចាម​។

សូមជម្រាបថារដ្ឋបាលខេត្ត​កំពង់ចាម បាន​បើក​ឲ្យ​សិស្សានុសិស្ស​​ចូលរៀនវិញ​ ​ចែកចេញជា​ពីរ​តំណាក់កាល ដោយ​តំណាក់កាល *​ទី​១ ៖ ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ និង​សាលា​ពុទ្ធិក​: ចូលរៀន​នៅ​ថ្ងៃទី២០ ខែកញ្ញា និង​តំណាក់កាល *​ទី​២ ៖ ឲ្យ​សិស្ស​ថ្នាក់បឋមសិក្សា ចូលរៀន​នៅ​ថ្ងៃទី១១ ខែតុលា ដែល​ការសម្រេច​ឲ្យ​សិស្ស​ចាប់ពី​អនុវិទ្យាល័យ​ចូលរៀន​មុននេះ ដោយសារ​ពួកគាត់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង​វ័យ​មួយ ដែល​ទទួលបាន​ការអប់រំ​ច្រើន អំពី​វិធានការ ការពារ ការឆ្លង​រាលដាជំងឺ​កូ​វីដ។ ជាមួយគ្នា​នោះ​ លោកគ្រូ​ អ្នកគ្រូ​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ និង​ធ្វើការ​ពិនិត្យ​សំណាក​រក​មេរោគ​កូវីដ​ផងដែរ​៕SRP